គណបក្ស Brexit Party របស់អង់គ្លេស ទទួលជ័យជម្នះក្នុង ការបោះឆ្នោតសភាអឺរ៉ុប
អង់គ្លេស៖គណបក្ស ព្រីហ៊្សីត ផាតធី (Brexit Party) របស់លោក នីជែល ហ្វារ៉េជ ទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតសភាអឺរ៉ុប ប៉ុន្តែជ័យជម្នះនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យអ្នកនយោបាយអង់គ្លេសកាន់តែបែកបាក់គ្នា ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េ បរាជ័យក្នុងការនាំយកប្រទេសខ្លួនចេញពីសហភាពអឺរ៉ុប។
លោក នីជែល ហ្វារ៉េជ ដែលជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុបមកពីតំបន់ ស៊ោវ អេស របស់អង់គ្លេស បានគូសបញ្ជាក់ថា រូបលោកចង់លូកដៃចូលក្នុងកិច្ចចរចាព្រីហ៊្សីត ប៉ុន្តែលោកបានព្រមានដែរថា នយោបាយអង់គ្លេស នឹងនៅតែស្ថិតនៅក្នុងភាពចលាចល រហូតដល់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ។
សូមជម្រាបថា គណបក្ស ព្រីហ៊្សីត ផាតធី របស់លោក នីជែល ហ្វារ៉េជ ទទួលបានសំឡេងគាំទ្រ៣៣,៣ភាគរយ គណបក្សសេរីប្រជាធិបតេយ្យទទួលបានសំឡេង២០,៩ភាគរយ រីឯគណបក្សអភិរក្សនិយមទទួលបានសំឡេងគាំទ្រ៨,៨ភាគរយ នេះបើយោងតាមលទ្ធផលបឋមចេញផ្សាយដោយសារព័ត៌មាន BBC របស់អង់គ្លេស៕ធ.ដ