មនុស្សម្នាក់ស្លាប់ និងរបួស២៦នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក កម្រិត៨រ៉ិកទ័យវាយប្រហារភាគខាងជើងប្រទេសប៉េរូ

ប៉េរូ៖ គ្រោះរញ្ជួយដីក្នុងកម្រិត៨រ៉ិកទ័របានវាយប្រហារលើភាគខាងជើងប្រទេសប៉េរូ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងប្រមាណ២៦នាក់ទៀតរងរបួស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN។

ប្រភពដដែលបន្តថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ ក៏បានបង្កការញាប់ញ័រដល់ប្រទេសក្បែរខាងប៉េរូផងដែរ ដូចជា កូឡុំប៊ី ប្រេស៊ីល និងបូលីវី ហើយបើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក (USGS) គ្រោះធម្មជាតិនេះ ស្ថិតនៅចម្ងាយ១៨០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងម៉ូយ៉ូបាំបា ជាមួយជម្រៅរញ្ជួយទៅក្នុងដី១០៥គីឡូម៉ែត្រ។ ដោយឡែកលំនៅដ្ឋាន១៣០ខ្នងរងការបំផ្លាញ រួមទាំងមន្ទីរពេទ្យ សាលារៀន និងគ្លីនិចរាប់សិបខ្នងទៀតក៏រងការបំផ្លិចបំផ្លាញផងដែរ។

សូមជម្រាបថា ប៉េរូមានទីតាំងភូមិសាស្ត្រស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើងព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រការនេះ នាំឲ្យប្រទេសអាម៉េរិកឡាទីនមួយនេះ ងាយរងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគឺរញ្ជួយផែនដី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner