សិក្ខាសាលាផ្សព្វផ្សាយសកម្មភាព និងរបកគំហើញនៃការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ
សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយសកម្មភាព និងរបកគំហើញនៃការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមវត្តមានលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរសេជូរី ខេត្តសៀមរាប។
ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងសខេត្តសៀមរាបបាននិងកំពុងតែជួបបញ្ហាប្រឈមនានា ពាក់ព័ន្ធទៅនឹងការប្រែប្រួលនៃអាកាសធាតុ និងបានបង្កឱ្យមានផលប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដាំដុះរបស់ពួកគាត់ ដែលអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ និងដោះស្រាយជូនបានយ៉ាងទាន់ពេលវេលា មិនឲ្យមានគ្រោះមហន្តរាយធ្ងន់។ បញ្ហានៃការប្រែប្រួលអាកាសធាតុ គឺទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាបញ្ជៀស និងទប់ស្កាត់នូវហានិភ័យដែលអាចកើតមានឡើង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា ពិធីផ្សព្វផ្សាយស្តីពីសកម្មភាព និងរបកគំហើញរបស់ IPCC ពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់ជាគោលការណ៍ណែនាំគន្លឹះប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកជំនាញការ អ្នកវិភាគ និងមន្រ្តីរាជរដ្ឋាភិបាលដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធសម្រាប់ប្រទេសកម្ពុជា។ កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតលើពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុ ហើយនៅឆ្នាំ២០១៩នេះ ប្រជាជនកម្ពុជាបានប្រឈមរលកកម្តៅខ្ពស់បំផុតមួយ ដែលបានបង្ខំឱ្យយើងត្រូវកែតម្រូវម៉ោងសិក្សារបស់សិស្សានុសិស្សសាលា ជាពិសេសកុមារតូចៗ ដែលជាជនងាយរងគ្រោះបំផុតពីឥទ្ធិពលនៃកម្តៅនេះ។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មាននៅក្នុងរបាយការណ៍វិភាគម៉ូ ដែលស្តីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាថា “ផលិតផលស្រុកសរុបរបស់កម្ពុជា (GDP) អាចថយចុះជិត១០% ដោយសារការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០៥០ ក្នុងករណីដែលយើងមិនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន”។ នេះជាមូលហេតុដែលកម្ពុជាក្លាយជាប្រទេស ដែលគាំទ្រដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុពិភពលោក។ បើទោះបីជាប្រទេសកម្ពុជាមិនជាប់បន្ទុកជាអ្នកទទួលខុសត្រូវ លើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាប្រវត្តិសាស្រ្តក៏ដោយ តែកម្ពុជាបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការជំរុញគំរូអភិវឌ្ឍន៍ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការបញ្ចេញការបូនទាប។
លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយបែបនេះ ផ្តល់កាលានុវត្តភាពដើម្បីបង្កើតចំណងទាក់ទងរវាងសហគមន៍អ្នកសិក្សា វិទ្យាស្ថានស្រាវជ្រាវរបស់យើង និងអ្នកវិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុកំពូលៗមកពីជុំវិញពិភពលោក។ វិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុជាកិច្ចការថ្មីមួយ ហើយវាក៏កំពុងវិវត្តន៍យ៉ាងឆាប់រហ័សផងដែរ ជាងនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងឆ្លៀតឱកាសនេះផ្សារភ្ជាប់ខ្លួន ទៅនឹងកម្មវិធីស្រាវជ្រាវសកលអំពីការប្រែប្រួលអាកាសធាតុ និងដើម្បីទទួលបានព័ត៌មានអំពីរបកគំហើញវិទ្យាសាស្រ្តថ្មីៗ៕ម.ន