ប្រជាជនសិង្ហបុរីនាំគ្នាចូលរួមនៅក្នុងការបោះឆ្នោតសកល ជាមួយនឹងវិធានការសុវត្ថិភាពតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លង COVID-19

សិង្ហបុរី៖ ប្រជាជនសិង្ហបុរី នៅថ្ងៃសុក្រនេះ បាននាំគ្នាពាក់ម៉ាស់មុខ និងស្រោមដៃផ្លាស្ទិក ដើម្បីចាប់ផ្តើមគូសសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសកលមួយ ដែលត្រូវគេរំពឹងទុកថា នឹងនាំគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីសង្ហិបុរីលោក លី សៀនឡុង មកកាន់អំណាចសាជាថ្មី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ។

ស្ថានីយឆ្នោតប្រមាណ១.១០០នៅទូទាំងប្រទេសសិង្ហបុរី បានបើកទទួលអ្នកបោះឆ្នោតនៅម៉ោង៨ព្រឹកថ្ងៃសុក្រនេះ ជាមួយនឹងវិធានការសុវត្ថិភាពតឹងរឹងបំផុត ដើ ម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ អ្នកបោះឆ្នោតវ័យចាស់ត្រូវបានផ្តល់អាទិភាពបោះឆ្នោតមុនគេ ជាមួយនឹងវិធានការការពារទល់នឹងវីរុស រីឯអ្នកកំពុងត្រូវព្យាបាល COVID-19 ឬ កំពុងត្រូវដាក់នៅដោយឡែកនៅតាមផ្ទះ មិនត្រូវបានអនុញ្ញាតអោយបោះឆ្នោតទេ ។

គណបក្សកាន់អំណាចប្រឈមនឹងគណបក្សតូចៗចំនួន១០ ដែលប្រជែងយកអាសនៈសភា៩៣ ។
សូមបញ្ជាក់ថា គណបក្ស «អំពើរបស់ប្រជាជន»គ្រប់គ្រងនយោបាយរបស់សិង្ហបុរីចាប់តាំងពីឆ្នាំ១៩៥៩ នៅពេលបិតារបស់លោក លី គឺលោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូង និងស្ថាបនារដ្ឋក្រខ្សត់ធនធានធម្មជាតិមួយនេះ អោយក្លាយជាប្រជាជាតិមានបំផុតមួយនៅក្នុងលោក ក្នុងអំឡុងពេលលោកកាន់តំណែង៣១ឆ្នាំ ។

លោក លី សៀនឡុង ក៏ប្រឈមនឹងការប្រឆាំងពីប្អូនប្រុសដែលមានជម្លោះនឹងគ្នា គឺលោកលី សៀន យ៉ាង ដែលចោទប្រកាន់ថា គណបក្ស «អំពើរបស់ប្រជាជន» បានក្លាយជាគណបក្សវរជនសម្រាំងមួយ ។ លោកលី សៀន យ៉ាង បានចូលរួមជាមួយបក្សប្រឆាំងកាលពីខែមុន តែមិនឈរឈ្មោះក្នុងការបោះឆ្នោតលើកនេះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner