រដ្ឋមន្រ្តីកសិកម្មគាំទ្រ និងជំរុញឱ្យមានការការពារកម្មសិទ្ធិបញ្ញាផលិតផលកម្ពុជា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីការ​គាំទ្រយ៉ាងពេញទំហឹង និងជំរុញការការពារ​កម្មសិទ្ធិ​បញ្ញានៃផលិតផលកម្ពុជា និងចូលរួមអភិវឌ្ឍ កែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។

ថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធ​បញ្ញានិងតូរ្យតន្រ្តី»នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានមានប្រសាសន៍​ថាកម្មសិទ្ធិ​បញ្ញា​មិន​អាចកើតឡើងដោយឯកឯងនោះទេ។ វាទាមទារការវិនិយោគ និងការ​ស្រាវ​ជ្រាវពិតប្រាកដ ដើម្បីឈានទៅទទួលបានការ​ទទួលស្គាល់ និងការការពារ​ពីការលួចបន្លំ។

ក្នុងពិធីដែលគេសង្កេតឃើញវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម និងជាប្រធានគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ,ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរ​គុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែ​ច្បាស់បន្ថែម​ទៀត​អំពីកម្មសិទ្ធិបញ្ញាជាសកល។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា កម្មសិទ្ធិបញ្ញាក៏ជាការងារ​សំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាម​រយៈទាមទារ ការចុះបញ្ជីកម្មសិទ្ធិ​បញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា កសិផលកម្ពុជា មិនត្រឹមតែអាចទទួល​បាន​តម្លៃបន្ថែមខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចជួយជំរុញការកែច្នៃលើផលិតផល​កសិកម្មបានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមគាំទ្រដល់កសិផលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់​ភូមិសាស្ត្រ កន្លងមករួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះ​ទ្រង់ជាដើម។

សូមជម្រាបថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ បានប្រារព្ធនៅ​សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប​។ពិធីនេះ ក៏មានសម្ពោធ និងការតាំង​ពិព័រណ៍នៃផលិតផល​សម្គាល់​ភូមិសាស្រ្ត សម្រាប់គម្រោងកម្មសិទ្ធិបញ្ញា ផលិតផល និងស្នាដៃសិល្បៈ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner