បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បារាំង នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ថែមទៀត ពិសេសការពិនិត្យលទ្ធភាពនាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឱ្យកាន់តែច្រើន ទោះបីជាកម្ពុជា នាំចេញទៅប្រទេសបារាំងច្រើនជាងការនាំចូល រួមទាំងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លើសកម្មភាពពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចពិភាក្សាតុមូលរវាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេនស្ថានទូតបារាំង ដោយមានអ្នកសារព័ត៌មានជាច្រើនចូលរួម ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទំហំទឹកប្រាក់ខ្ទង់១,៤៨ពាន់លានអឺរ៉ូ (ស្មើប្រមាណ ១,៦៧ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ៨,៣ភាគរយ ហើយក្នុងនោះ ភាគច្រើនជាការចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសបារាំង ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា បារាំង ជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសនៅសហគមន៍អឺរ៉ុប ដែលបានអនុញ្ញាតឱ្យនាំអង្ករកម្ពុជាទៅកាន់ទីផ្សារបារាំង ជាមួយនឹងការនាំចូលផលិតផលវាយនភណ្ឌ ។

ជាមួយនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា លំហរអ៊ឺរ៉ុប គឺជាលំហរមួយ ដែលបើកទូលាយបំផុត សម្រាប់ប្រទេសកម្ពុជា គឺអនុញ្ញាឱ្យកម្ពុជា នាំចូលផលិតផលទាំងអស់លើកលែងតែអាវុធ ។

ឯកឧត្តម ថា ដោយសារតែប្រទេសកម្ពុជា ស្ថិតក្នុងឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ហើយប្រទេសកម្ពុជា នឹងចាក់ចេញពីឋានៈនៃប្រទេសអភិវឌ្ឍតិចតួចនេះ នៅឆ្នាំ២០២៩ខាងមុខ និងដោយសារកម្ពុជា ក៏ជាដៃគូរបស់សហភាពអ៊ឺរ៉ុប ហើយនៅក្នុងនោះ ក៏មានបារាំងផងដែរ ដូច្នេះបារាំង នឹងធ្វើការបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យកម្ពុជា ទទួលបានការអនុគ្រោះពន្ធ គឺគេហៅថា GFP ។ ឯកអគ្គរដ្ឋទូតដដែល បន្តថា យើងនឹងព្យាយាមធ្វើយ៉ាងណា ឱ្យមានពិពិធកម្មនាំផលិតផលកម្ពុជា បន្ថែមទៀត ទៅកាន់ប្រទេសបារាំង ។ បើតាមឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក្រុមហ៊ុនបារាំងជាច្រើនទៀត បាន និងកំពុងស្វែងរកឱកាសបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នវត្តមានក្រុមហ៊ុនប្រមាណ ៤០០ក្រុមហ៊ុន កំពុងកាន់កាប់ និងគ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបារាំង-កម្ពុជា ។

តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានាធិបតីបារាំង ដែលជំរុញឱ្យវិនិយោគរបស់បារាំងនៅកម្ពុជា មានការកើនទ្វេដង នៅឆ្នាំ២០៣០ ក្នុងនោះឯកឧត្តម ហ្សាក់ ប៉ឺឡេ យល់ឃើញថា នឹងអាចធ្វើបានច្រើនជាងនេះ និងប្រសើរជាងអ្វី ដែលកំពុងមាននាពេលបច្ចុប្បន្នផងដែរ ។
យោងតាមរបាយការណ៍របស់ស្ថានទូតបារាំង បានបញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងបារាំង និងកម្ពុជា បានកើនឡើង៨,៣% កាលពីឆ្នាំ២០២៤ ស្មើនឹងចំនួន១,៤៨ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤ ។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំង មានឱនភាពពាណិជ្ជកម្ម ចំនួន១,២៣ពាន់លានអឺរ៉ូ។ ចំណែកឯលំហូរ វិនិយោគផ្ទាល់មកពីប្រទេសបារាំង មានការកើនឡើងខ្លះៗ (១២លានអឺរ៉ូនៅចុងឆ្នាំ២០២៣) ។
គួរឱ្យដឹងដែរថា ចំពោះក្រុមហ៊ុនបារាំង មានវត្តមាននៅកម្ពុជាប្រមាណ ៤០០ក្រុមហ៊ុន ដែលកាន់កាប់ឬគ្រប់គ្រង ដោយសហគ្រិនបារាំង និងសហគ្រិន បារាំង-កម្ពុជា រួមទាំងក្រុមហ៊ុនធំៗជាច្រើន ដូចជា៖ Total, Vinci និង Accor ។ ក្រុមហ៊ុនបារាំងនៅកម្ពុជា ដើរតួនាទីក្នុងការអភិវឌ្ឍផ្នែកជាច្រើន នៃវិស័យសេដ្ឋកិច្ច (រួមមានសំណង់ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេស ទេសចរណ៍) ហើយជាក្រុមហ៊ុនគម្រូផ្នែកទំនួលខុសត្រូវសង្គម និងបរិស្ថាន ។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ដើម្បីពង្រឹងបម្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែកក្កដា ឆ្នាំ២០២៤ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត
