ជាង ១០០០នាក់ចូលរួមរត់ដើម្បីសុខភាពនិងរួមចំណែកជួយដល់ការសិក្សាសិស្សក្រីក្រនៅអង្គការផ្កាយសមុទ្រ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៥ បានកៀគរអ្នកចូលរួមបានចំនួនជាង១០០០នាក់ ដែលអ្នករត់ទាំងនោះ ភាគច្រើនជាសប្បុរសជន និងបណ្តាក្រុមហ៊ុនដៃគូ បរិច្ចាគថវិកា ដើម្បីជួយដល់សិស្សានុសិស្សក្រីក្រ៧០០នាក់ដែលកំពុងសិក្សារៀនសូត្រនៅអង្គការផ្កាយសមុទ្រ។
លោក ស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការផ្កាយសមុទ្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ រៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីទិញសម្ភារសិក្សាផ្គត់ផ្គងជួយដល់សិស្សក្រីក្រដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រឱ្យមានលទ្ធភាពអាចបន្តការសិក្សាដល់ថ្នាក់សកលវិទ្យាល័យ។
លោក ស្រី បានរំលេចទៀតថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ វាជាឱកាសមួយដែលសប្បុរសជនអាចចូលរួមជួយដល់សង្គមដោយកាបរិច្ចាគថវិកាតិចតួចមិនចំណាយច្រើន ជួយផ្តល់នូវអនាគតភ្លឺស្វាងដល់សិស្សក្រីក្ររបស់អង្គការផ្កាយសមុទ្រ។
លោក ខេន សប្បុរសជនមកពីក្រុមហ៊ុនដែលជួយឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌អង្គការផ្កាយសមុទ្រ បានលើកឡើងដែរថា ការចូលរួមរបស់ក្រុមហ៊ុនលោកក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ គឺជាការចូលរួមចំណែកមួយជួយដល់សង្គម ។ ជាក់ស្តែងថវិកាដែលបានឧបត្ថម្ភជួយដល់អង្គការផ្កាយសមុទ្រ វាបានជួយដល់ការសិក្សារបស់សិស្សក្រីក្ររៀននៅអង្គការផ្កាយសមុទ្រមានសម្ភារសិក្សា ដែលអាចឱ្យពួកគេបានបន្តការសិក្សារៀនសូត្រដោយស្នាមញញឹម។
យុវជន ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ បានបង្ហាញអាម្មណ៍រីករាយសប្បាយចិត្ត ដ្បិតការចូលរួមរបស់ពួកគេ មិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះនោះទេ វាថែមទាំងបានរួមចំណែកជួយដល់សង្គមផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ បានបង្កើតឡើងចាប់តាំងពី ២០២២។
ព្រឹត្តិការណ៍រត់សប្បុរស់ធម៌អង្គការផ្កាយសមុទ្រ ជម្រុញនូវគោលបំណងសំខាន់មួយ គឺ “ផ្សារភ្ជាប់ការរត់ទៅនឹងការអប់រំសម្រាប់កុមារកម្ពុជា” ។ ហើយឆ្នាំ២០២៥នេះ ប្រធាបបទ “រត់ជុំគ្នាដើម្បីការអប់រំ”មានអ្នករត់ជាង ១០០០ នាក់ ដែលក្នុងនោះប្រហែលជិត ៧០% គឺជាអ្នកចូលរួមពីបណ្តាក្រុមហ៊ុន និងស្ថាប័នផ្សេងៗ និង ប្រមាណ២០% ចូលរួមជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្ត។ នេះមានន័យថា ប្រហែលជា ៩០% នៃអ្នកចូលរួម នឹងចំណាយពេលវេលាដ៏មានតម្លៃជាមួយមនុស្សសំខាន់របស់ខ្លួន មិនថាជាគ្រួសារ មិត្តស្និតស្នាល ឬសហការីនៅកន្លែងធ្វើការឡើយ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៥ មានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំនេះបានសបញ្ជាក់ពីស្មារតីសាមគ្គីភាពសហគមន៍ និងការចូលរួមគាំទ្រយ៉ាងច្រើនដល់កុមារកម្ពុជាជួបប្រទះការលំបាក ៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ