សម្តេចតេជោ ហ៊ុន សែន ដឹកនាំបន្តសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន២

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ដោយមានរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃនេះ បានប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីចំនួន២រូប ដូចខាងក្រោម៖
១- លោកជំទាវ ចឹក ហេង ជាសមាជិកាព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ) ជំនួស ឯកឧត្តម មួង ប៉យ ដែលបានទទួលមរណភាព។
២- ឯកឧត្តម អ៊ុន វណ្ណា ជាសមាជិកព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ជំនួស ឯកឧត្តម ទេព យុទ្ធី ដែលបានទទួលមរណភាព។ សមាជិកព្រឹទ្ធសភាថ្មីទាំងពីររូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ។

របៀបវារៈទី២៖ ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងដាក់ចេញនូវវិធានការ សកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យ ដែលជាមគ្គុទ្ទេសក៍សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងការដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ សំដៅធានាការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ ។

សេចក្តីព្រាងច្បាប់នេះ ក៏បានគិតគូរយ៉ាងច្បាស់លាស់គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និង មានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងបានដាក់ចេញវិធានការ ផែនការសកម្មភាព កម្មវិធីអាទិភាពតាមវិស័យ និងសូចនាករសមិទ្ធកម្មច្បាស់លាស់ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីម្ខាងជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ និងម្ខាងទៀតជំរុញការអនុវត្តវិធានការ ផែនការសកម្មភាព និងកម្មវិធីអាទិភាពតាមវិស័យ ដែលមានវឌ្ឍនភាពយឺត ឬមិនមានវឌ្ឍនភាព សំដៅធានាការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នា ប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៣រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភា បានអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួងពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner