សិក្ខាកាមមន្ត្រីកីឡាខេត្តបន្ទាយមានជ័យ ២៤នាក់បានបញ្ចប់វគ្គសាមគ្គីអូឡាំពិកដោយជោគជ័យ
(បន្ទាយមានជ័យ)៖ សិក្ខាកាមដែលជាមន្រ្តីកីឡាខេត្តបន្ទាយមានជ័យចំនួន២៤នាក់ បានបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ក្រោមការឧបត្តម្ភរបស់អង្គការសាមគ្កីអូឡាំពិកអន្តរជាតិ (OS) ដោយជោគជ័យ។
តាមរបាយការណ៍ គណៈគ្រប់គ្រងវគ្គ បានឱ្យដឹងថា វគ្គសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដំណើររយៈពេល៤ថ្ងៃចាប់ ២៦-២៩ ខែឧសភា ដែលមានមន្រ្តីកីឡាក្រោមឱវាទមន្ទីរអប់រំយុវជននិងកីឡាចូលរួមចំនួន២៤នាក់ ។
វគ្គសិក្សានេះបង្រៀនដោយគ្រូឧទ្ទេសចំនួន ០៥ រូប ចែកចេញជាមេរៀនផ្សេងៗគ្នា ១- ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី អត្ថប្រយោជន៍អប់រំកាយ និងកីឡា និងឥទ្ធិពល ព្រឹត្តិកាណ៍ក្នុងសង្គមជាតិ រចនាសម្ព័ន្ធវិស័យកីឡាជាតិ ផែនការកម្មវិធីហ្វឹកហាត់កីឡា ភាពជាអ្នកដឹកនាំ។
២- លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហួត ចាន់ធានី អនុប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានមន្ទីរពេទ្យកុមារជាតិ ឧទ្ទេសនាមស្តីពី វេជ្ជសាស្ត្រ កីឡា អាហាររូបត្ថម្ភ និងភេសជ្ជៈ សម្រាប់កីឡាករ កីឡាការិនី ការពាររបួសក្នុងកីឡា ការសង្គ្រោះបឋម ការដាច់ សរសៃឈាមខួរក្បាលដោយសារកម្ដៅ (Heat Stroke) និងការប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា (Doping)។
៣- លោក ឯម ហៀង ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី ការរៀបចំព្រឹត្តិការណ៍កីឡាមួយ និងការរៀបចំ រូបមន្ត នៃការប្រកួតកីឡា។
៤- ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមស្តីពី ប្រវត្តិ និងមូលដ្ឋានគ្រឹះ នៃចលនាអូឡាំពិក គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក រចនាសម្ព័ន្ធកីឡាជាតិ និងអភិបាលកិច្ចល្អ ។ ៥- ឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី ការលេងដោយយុត្តិធម៍ (Fair Play) ការកំណត់អត្តសញ្ញាណទេពកោសល្យឬនិស្ស័យ (កីឡាករ) និង ផែនការណ៍ធ្វើដំណើរ របស់គណៈប្រតិភូ។
សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋាលកីឡានេះ បានដំណើរការ ដោយយោងតាមផែនការកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដោយមានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីអង្គការសាមគ្គីអូឡាំពិក អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត បន្ទាយមានជ័យ រៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា ឆ្នាំ២០២៥ នេះ សម្រាប់មន្ត្រីដឹកនាំកីឡា គ្រូបង្វឹក និងជាគ្រូអប់រំកាយ និងកីឡា ដែលកំពុងបម្រើការងារកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡា និងនៅ តាម បណ្តាគ្រឹះស្ថានសិក្សា នានាជុំវិញខេត្ត ។
ឆ្លងកាត់ការយកចិត្តទុកដាក់ខិតខំសិក្សាអស់រយៈពេល៤ថ្ងៃមកនេះ គ្រូឧទ្ទេសវគ្គសិក្សាបានវាយ តម្លៃ និងផ្តល់លទ្ធផលដូចខាងក្រោម៖ និទ្ទេសល្អណាស់ ២ នាក់ ៨% = 2 និទ្ទេសល្អ និទ្ទេសមធ្យម ១៦ នាក់ ៦៧ % ៦ នាក់ ២៥ = % ៕

ប្រភពរូបភាព ៖ NOCC
អត្ថបទ ៖ ជាវ ចន្ធូ