ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេល ២១ខែ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រសួងមុខងារសាធារណៈបានរួមគ្នាពង្រឹងការអនុវត្តនូវកិច្ចការងារប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថារយៈពេល ២១ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈទាំងអស់បានរួមគ្នាពង្រឹងការអនុវត្តនូវកិច្ចការងាររបស់ក្រសួង ការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ ប្រកបដោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពរហ័សក្នុងការផ្តល់សេវាដល់ក្រសួង ស្ថាប័ន និងមន្រ្តីរាជការ។ ជាការកត់សម្គាល់សម្រាប់ខែឧសភានេះ ក្រសួងបានអនុវត្ត និងបំពេញការងារសំខាន់ៗយ៉ាងច្រើនជាងខែមុនៗ បន្ថែមលើការងារស្នូល និងការងារកែទម្រង់ ដូចជា៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធី និងវិធីសាស្រ្ត និងការវាយតម្លៃចំពោះការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល, រៀបចំកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការការងារអាស៊ានស្តីពីមុខងារសាធារណៈប្រកបដោយភាពជោគជ័យ (ACCSM), រៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ, រៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នចំនួន៤ ក៏ដូចជាការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល និងសកម្មភាពការងារសំខាន់ៗផ្សេងទៀត ដែលថ្នាក់ដឹកនាំ និងមន្ត្រីបានអនុវត្តតាមផ្នែក តាមផែនការងាររៀងៗខ្លួន។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៥ ពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈមនិងដំណោះស្រាយ និងការលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈទាំង ២៥រាជធានី-ខេត្ត តាមអនឡាញ។

បន្ថែមលើការងារស្នូលដែលត្រូវអនុវត្តជាប្រចាំ ជាពិសេសការរៀបចំបៀវត្សប្រចាំខែ និងស្ថានភាពទូទៅរបស់មន្រ្តីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានរៀបចំដោយជោគជ័យពីការប្រឡងប្រជែងជ្រើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រៅពីនេះ ក្រសួងសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗរួមមាន៖ អនុក្រឹត្យស្តីពីការជ្រើសរើសមន្រ្តីរាជការផ្អែកលើកិច្ចព្រមព្រៀងការងារ និងសារាចរចំនួន៣ (១)ការធ្វើបច្ចុប្បន្នកម្មរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី និងគ្រឹះស្ថានសិក្សាសាធារណៈ (២)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៅអង្គភាពសុខាភិបាលមូលដ្ឋាន (៣)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

ជាទម្លាប់ កិច្ចប្រជុំប្រចាំខែតែងតែទទួលបានការចូលរួមមតិយោបល់ យ៉ាងផុលផុសពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងគោលដៅជម្រាបបន្ថែមជារបាយការណ៍ និងជាព័ត៌មានជូនអង្គប្រជុំជារួម។ កិច្ចការងារដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងមុខាងរសាធារណៈ បាន និងកំពុងអនុវត្តទាំងអស់នេះ គឺជាមោទនភាពនៃដំណើរវិវត្តរដ្ឋបាលសាធារណៈ និងបានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ កំពុងអភិវឌ្ឍខ្លួនទៅមុខឥតឈប់ឈរ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner