ក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ ពិភាក្សាឯកភាពគ្នាលើការរៀបចំបទបញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

(ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទទួលបានការឯកភាពគ្នាលើការរៀបចំបទបញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានស្វាគមន៍លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ដែលបានមកជួបប្រជុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាការបង្កើតវប្បធម៌ថ្មីមួយសំរាប់ក្រសួងទាំងពីរ ដែលវប្បធម៌នេះបានបន្សល់ទុកតាំងពីសម័យសម្តេចតេជោ កាលលោកនៅជាអតីតនាយករដ្ឋមន្រ្តី ពោលគឺវប្បធម៌ផ្សះផ្សា បង្រួបបង្រួមជាតិ ឬវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហាសង្គមជាតិ និងក្រោយមក គឺមានវប្បធម៌មួយដែលហៅថាជាការដឹងគុណសន្តិភាព ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្នុងអាណត្តិនេះ ឯកឧត្តមបានទទួលភារកិច្ចធំមួយពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវបញ្ចប់បញ្ហាដីធ្លីនៅកម្ពុជាទាំងស្រុង ដូច្នេះត្រូវមានវិធានការនិងយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញបញ្ចប់បញ្ហាដីធ្លីនេះ តាមរយៈការបង្កើតគោលនយោបាយចុះបញ្ជីដីបង្ហើយជូនប្រជាពលរដ្ឋទូទាំងប្រទេស ។

ទាក់ទិននឹងវិវាទដីធ្លីនៅតំបន់អង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ប្រសិនបើការដោះស្រាយវិវាទនៅតំបន់អង្គរបានចប់សព្វគ្រប់នោះ ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសក៏នឹងអាចបញ្ចប់ដោយងាយស្រួលដែរ ពីព្រោះខេត្តទី២ដែលត្រូវដោះស្រាយវិវាទដូចគ្នានេះ គឺខេត្តព្រះវិហារ ដោយសារខេត្តនេះក៏មានប្រាង្គប្រាសាទច្រើន បន្ទាប់ពីខេត្តសៀមរាប ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ចំពោះការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប គឺយើងត្រូវពិនិត្យមើលបទបញ្ញត្តិទាំងឡាយដែលយើងបានកំនត់ពីមុនមក ជាពិសេសព្រះរាជក្រឹត្យលេខ០១ ច្បាប់បេតិកភណ្ឌ ច្បាប់អង្គការដែលអនុវត្តដោយក្រសួងមហាផ្ទៃ ច្បាប់រៀបចំដែនដីដែលយើងកំពុងតែព្រាងនេះ និងច្បាប់ភូមិបាលដែលមានស្រាប់ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្នមានការប្រែប្រួល ដូច្នេះច្បាប់នេះនឹងត្រូវកែប្រែទាំងមូល ហើយច្បាប់នេះទៀតសោតនឹងឆ្លុះបញ្ចាំងពីការគិតគូររបស់យើងនៅពេលនេះ និងឆ្នាំទៅមុខទៀត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រៀបចំកិច្ចពិភាក្សាទូលាយជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាពេលនេះ ដោយផ្អែកលើវឌ្ឍនភាពនៃការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅស្វែងរកការឯកភាពគ្នា លើការរៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ និងបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវទេសចរមកកំសាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសំរាប់កម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner