បាតុករលីប៊ីទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង
ទ្រីប៉ូលី ៖ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងទ្រីប៉ូលី ក្នុងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នា ដើម្បីទាមទារនាយករដ្ឋមន្រ្តីដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ លោក Abdulhamid Dbeibah លាលែងពីតំណែង ស្របពេលផ្ទុះភាពតានតឹងទាំងនៅលើបណ្តាញសង្គម ផ្នែកនយោបាយ និងសន្តិសុខក្នុងប្រទេស។

ភាពចលាចលនាពេលថ្មីៗនេះ បានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់ផ្សេងៗគ្នានៃទីក្រុងទ្រីប៉ូលី បានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ក្រុមបាតុករបានស្រែកថា លោក Dbeibah ចុះចេញពីតំណែងទៅ… ប្រជាជនចង់ឲ្យរដ្ឋាភិបាលនេះដួលរលំ និង ប្រទេសលីប៊ីមានស្ថិរភាពយូរអង្វែង។
ប្រទេសលីប៊ីត្រូវបានបែងចែករវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី ដែលដឹកនាំដោយលោក Dbeibah និងរដ្ឋបាលគូប្រជែងនៅភាគខាងកើតដែលគ្រប់គ្រងដោយគ្រួសាររបស់អតីតមេដឹកនាំយោធា លោក Khalifa Haftar។
ការបោះឆ្នោតថ្នាក់ជាតិប្រទេសលីប៊ី ដែលគ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលដោយគ្មានពេលកំណត់ ដោយសារជម្លោះរវាងមហាអំណាចគូប្រជែងទាំងពីរ។
ប្រទេសអាហ្រ្វិកខាងជើងនេះ បានបែកបាក់គ្នាកាន់តែជ្រៅឡើង ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានផ្តួលរំលំនិងសម្លាប់មេដឹកនាំកាន់តំណែងយូរបំផុត លោក Muammar Qaddafi៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
