រុស្ស៊ី និងអាមេរិកព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្រោយអ៊ុយក្រែនវាយកម្ទេចទ័ពអាកាសរុស្ស៊ី

មូស្គូ ៖ ខណៈដែលលោក Vladimir Putin សន្យាសងសឹកអ៊ុយក្រែនចំពោះការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីចុងសប្តាហ៍មុន ទីប្រឹក្សាវិមានក្រឹមឡាំង និងបេសកជនពិសេសអាមេរិកបានប្រាប់លោកប្រធានាធិបតី Donald Trump អំពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងដាក់សម្ពាធឱ្យលោក Trump កាត់បន្ថយការគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែនបន្ថែមទៀត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Gaurdian លោក Kirill Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី និងជាអន្តរការីដ៏សំខាន់របស់វិមានក្រឹមឡាំង និងបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff បានហៅការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ប្រឆាំងនូវអ្វីដែលរុស្ស៊ីចាត់ទុកថា ជា “ទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់រុស្ស៊ី” ហើយថែមទាំងបានព្រមានអំពីហានិភ័យផ្ទុះសង្គ្រាមលោកលើកទីបី។

អ៊ុយក្រែនបានអះអាងថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតយន្តហោះរុស្ស៊ីជាង ៤១គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ Tu-95 និង Tu-22M ដែលរុស្ស៊ីប្រើបាញ់មីស៊ីលកម្ទេចទីក្រុងនានាក្នុងសង្គ្រាមអ៊ុយក្រែន ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលផ្តល់កំដៅ និងអគ្គិសនីដល់មនុស្សរាប់លាននាក់។

ហើយយន្តហោះទាំងនោះ ក៏អាចផ្ទុកសព្វាវុធដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ និងជាផ្នែកមួយនៃអាវុធនុយក្លេអ៊ែរ រួមជាមួយនាវាមុជទឹក និងមីស៊ីល ហើយទំហំខូចខាតនេះ ត្រូវបានអ៊ុយក្រែនវាយតម្លៃថា មានទំហំ ៧ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ។

បន្ទាប់ពីលោក Putin បានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងមូស្គូ លោក Trump បានអះអាងថា រូបលោកបាននិយាយទូរស័ព្ទជាមួយលោក Putin រយៈពេល ១ម៉ោង ១៥នាទី ហើយថា ពួកលោកបានជជែកគ្នាអំពីការវាយប្រហាររបស់អ៊ុយក្រែន និងបញ្ហាអ៊ីរ៉ង់។

លោក Trump បានបង្ហោះសារលើបណ្តាញសង្គមថា យើងបានពិភាក្សាគ្នាពីការវាយប្រហារលើមូលដ្ឋានយន្ដហោះរុស្ស៉ី និងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីសង្រ្គាមទាំងពីរ។ លោក Trump បន្តថា ក្នុងកិច្ចសន្ទនានោះ លោក Putin បានប្រាប់លោកថា ទីក្រុងមូស្គូនឹងសងសឹកអ៊ុយក្រែនចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី។

បើតាមវិមានក្រឹមឡាំង លោក Trump បានប្រាប់លោក Putin កាលពីថ្ងៃពុធថាទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានប្រាប់ឱ្យដឹងជាមុន អំពីការវាយប្រហាររបស់អ៊ុយក្រែននោះទេ ខណៈបេសកជនពិសេសរបស់លោក Trump និយាយថា ហានិភ័យនៃការកើនឡើងជម្លោះក្នុងសង្រ្គាមអ៊ុយក្រែនកំពុងកើនឡើង ក្រោយការវាយប្រហាររបស់អ៊ុយក្រែន៕

ប្រភព ៖ The Guardian និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner