ប្រធានាធិបតីបូលីវីស្តីទីលោកស្រី ជេនីណេ អាណេស ធ្វើតេស្តវិជ្ជមានជំងឺ COVID-19
បូលីវី៖ ប្រធានាធិបតីបូលីវីស្តីទីលោកស្រី ជេនីណេ អាណេស និងមេដឹកនាំលេខ ២ របស់វ៉េណេស៊ុយអេឡា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេបានឆ្លងជំងឺ COVID-19 ខណៈជំងឺវីរុសនេះ កំពុងវាយប្រហារខ្លាំងទៅលើក្រុមវរជននយោបាយរបស់អាមេរិកឡាទីនមួយចំនួន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ ។
រដ្ឋមន្រ្តីខុទ្ទកាល័យចំនួន៣រូបនៅក្នុងរដ្ឋបាលរបស់មេដឹកនាំប្រទេសបូលីវី លោកស្រី ជេនីណេ អាណេស ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ រួមមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក អ៊ីឌី រ៉ូកា និង រដ្ឋមន្ត្រីក្រសួងកិច្ចការប្រធានាធិបតី លោក យឺកូ នូណេស ដែលឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ លោកស្រី អាណេស បាននិយាយថា លោកស្រីនឹងស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅពេលការធ្វើតេស្តមួយផ្សេងទៀតនឹងត្រូវធ្វើឡើង ប៉ុន្តែលោកស្រីនឹងបន្តធ្វើការពីចម្ងាយពីគេហដ្ឋានប្រធានាធិបតី ។
សូមជម្រាបថា ប្រទេសបូលីវីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប៤ម៉ឺន២ពាន់៩៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប១ពាន់៥៧៧នាក់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន២ពាន់៨៨៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២ម៉ឺន៨ពាន់៥២៤នាក់ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ៕