ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ក្រុមគ្រួសារបរិស្ថានចាត់ទុកបងប្អូនសមរភូមិមុខ គឺជាសាច់ឈាមតែមួយនៃមហាគ្រួសារខ្មែរទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ

(ខេត្តព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែទ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែយើងកើតជាកូនខ្មែរតែមួយ ជាតិតែមួយ សុខទុក្ខរបស់ បងប្អូនគឺជាសុខទុក្ខរស់យើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះរៀមច្បងទាំងអស់ និងកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនមិនឱ្យមានការខ្វះខាតឡើយ ។

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏សូមធ្វើការបួងសួងដល់វត្ថុសក្ត័សិទ្ធទាំងអស់នៅលើលោកសូមឱ្យជួយថែរក្សាបងប្អូនកងកម្លាំងទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវ ដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង យកផ្ទះរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែល របស់ស្ថាបនិក អគ្គមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តន៍ឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូនាំ្កទៅជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសទព្រះវិហារ រួមមាន អង្ករ ត្រីខមី រួមជាមួយនិងគ្រឿង ឧបភោគបរិភោគ ជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា បានថ្លែងអំណរគុណប្រតិភូ ដែលបានមកចុះសួរសុខទុក្ខ និងនាំយកអំណោយរួមជាមួយនិងគ្រឿងឧបភោគបរិភោគនេះ បានបង្ហាញពីទឹកចិត្ត និងការស្រលាញ់រាប់អាន ជាមួយនិងប្រតិភូ ក៏ដូចជាប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋទុកចិត្តទៅលើកងកម្លាំងរបស់យើងដែលកំពុងឈរជើង មានស្មារតីក្លាហាន មានការលះបង់ខ្ពស់ ចំពោះជាតិ និងទឹកដី មានភាពស្មោះត្រង់ និងគោរពទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ក្រសួងបរិស្ថាន

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner