មេដឹកនាំកំពូលអ៊ីរ៉ង់ថា ស្រាអែលនឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ
បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អ៊ីស្រាអែលនឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានបើកការវាយប្រហារយ៉ាងសាហាវ ទៅលើសាធារណរដ្ឋអ៊ីស្លាម មួយនេះ រួមទាំង រដ្ឋធានី តេហេរ៉ង់ និងទីតាំងនុយក្លេអ៊ែរ។
លោក Khamenei បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយនឹងឧក្រិដ្ឋកម្មនេះ របប Zionist បានកំណត់ខ្លួនឯង សម្រាប់ជោគវាសនាដ៏ជូរចត់ និងឈឺចាប់ ហើយអ៊ីស្រាអែល ពិតជានឹងទទួលបានវា»។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានផ្តើមវាយប្រហារអ៊ីរ៉ង់ ជាហេតុនាំឲ្យមជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ថ្មី ជាមួយនឹងហានិភ័យពិតប្រាកដ នៃសង្គ្រាមក្នុងតំបន់ កាន់តែទូលំទូលាយ។
អ៊ីស្រាអែលដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយបាញ់ចូលដីអ៊ីរ៉ង់ រួមទាំងបិទលំហអាកាស រង់ចាំការជូនដំណឹងថ្មី។ អ៊ីស្រាអែលថា ជាការវាយប្រហារទ្រង់ទ្រាយធំ ដែលបានត្រៀមទុក យូរមកហើយ។
សេចក្តីរាយការណ៍ចុងក្រោយ មេដឹកនាំយោធាអ៊ីរ៉ង់មួយចំនួន ត្រូវបានសម្លាប់ ជាមួយនឹងមនុស្សមួយចំនួនទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

