កម្ពុជា អបអរសាទរខួប ៦៣ឆ្នាំ ឈ្នះក្តី រឿងប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ហើយ ថ្ងៃទី ១៥ មិថុនា ២០២៥នេះដែរ កម្ពុជា សម្រេចដាក់ពាក្យប្តឹងតំបន់ចំនួន៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រោយថៃរំលោភបំពាន
(ភ្នំពេញ)៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥នេះទាំងមន្រ្តី ពលរដ្ឋកម្ពុជា និងក្រសួង មន្ទីរ មួយចំនួនរបស់កម្ពុជាបានបង្ហាញការ អបអរសាទរខួប ៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់កម្ពុជា និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះដែរ កម្ពុជាក៏បានសម្រេចដាក់ពាក្យប្តឹងតំបន់ចំនួន៤គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ ក្រោយប្រទេសថៃធ្វើការរំលោភបំពានធ្ងន់ធ្ងរលើព្រំដែនកម្ពុជារួចមក ។
ប្រមុខរាជរដ្ឋភិបាលកម្ពុជាសម្តេច បវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាថ្ងៃនេះ ទី១៥ មិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។វាគាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ”។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា៖ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតី និងគោលបំណងគឺដូចគ្នា គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
សម្តេច បវរធិបតីបានបញ្ជាក់ថា”កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា”។
ដោយឡែកមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋកម្ពុជានៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២៥នេះក៏បានបង្ហាញការអបអរសាទរខួប៦៣ឆ្នាំ ១៥ មិថុនា ១៩៦២ ឈ្នះក្តីរឿងប្រាសាទព្រះវិហារពីប្រទេសថៃយ៉ាងច្រើនតាមរយៈបណ្តាញសង្គម តិកតុក និងប្រព័ន្ធអេឡិកត្រូនិកជាច្រើនទៀត។
ដោយឡែកក្នុងដែរ គេឃើញ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា៖”១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥ អបអរសាទរខួប ៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំមានមោទនភាពដែលបានកើតជាជនជាតិខ្មែរ!”។
ជាមួយគ្នានេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារ អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ប្រទេសកម្ពុជា១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥។
ក្រៅពីនេះគេក៏ឃើញពលរដ្ឋ មន្រ្តីរាជការ សិស្ស-និស្សិត កម្ពុជា បានបង្ហាញការអបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ប្រទេសកម្ពុជា ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៥នេះយ៉ាងច្រើនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
ទោះបីយ៉ាងណាខណៈដែលកម្ពុជាអបអរសាទរប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ដល់ប្រទេសកម្ពុជា និងពិសេសកម្ពុជាបានសម្រេចចិត្តដាក់ពាក្យប្តឹងតំបន់ចំនួន៤គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិដែរនេះ បណ្តាញសារព៏ត៌មានថៃ ឯណោះវិញបង្ហាញការភ្ញាក់ផ្អើល និងប្រកាសឱ្យពលរដ្ឋរបស់គេដឹងពីកម្ពុជាបានសម្រេចប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ យ៉ាងផុលផុស។ក្នុងនេះដូចជាកាសែតថៃរ៉ាត់ បានចេញផ្សាយនាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២៥នេះដោយដាក់ចំណងជើងថា”បន្ទាន់!កម្ពុជាបានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតំបន់ទាំង៤ ដែលមានទំនាស់ ដោយ ជ្រើសរើសថ្ងៃទី១៥ ខែមិថុនា ព្រោះថាជាថ្ងៃតែមួយដែលកម្ពុជាបានឈ្នះក្តីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ លើក្តីរឿងប្រាសាទព្រះវិហារ។
ជាងនេះទៅទៀតបណ្តាញសារព័ត៌មានថៃ និងអ្នកជំនាញថៃជាច្រើនបង្ហាញការព្រួយបារម្ភថា ថៃនឹងចាញ់ក្តីកម្ពុជាម្តងទៀត ហើយបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនកុំឱ្យទទួសស្គាល់យុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់៕
ដោយ ៖ ម៉ាដេប៉ូ



