លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានប្រគល់ជូនលោកក្រឡាបញ្ជី Philippe Gautier
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន តំបន់ជម្លោះកម្ពុជា-ថៃ ត្រូវបានប្រគល់ជូនលោកក្រឡាបញ្ជី Philippe Gautier ហើយ ។
សម្ដេចធិបតី បានលើកឡើងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ ។
សូមរំលឹកថា ជម្លោះកម្ពុជា និងថៃ បានឡើងជារលកកម្ដៅខ្លាំង ក្រោយពីកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជា បណ្ដាលឲ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិត ហើយទីបំផុត កម្ពុជា បានយកសំណុំរឿង តំបន់មុំ ៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនតំបន់ជម្លោះទាំងបួន ៕
ដោយ ៖ វណ្ណលុក
