៥ ឆ្នាំទៀត ចំនួនគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបរបស់ចិននឹងតាមទាន់អាមេរិក និងរុស្ស៊ី
ប៉េកាំង ៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានព្យាករថា កម្លាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) របស់ប្រទេសចិន អាចនឹងតាមទាន់អាមេរិក ឬ រុស្ស៊ីនៅឆ្នាំ២០៣០ ប៉ុន្តែនៅតែតិចជាងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។
វិទ្យាស្ថានតាមដានសព្វាវុធទូទាំងសកលលោក ដែលមានមូលដ្ឋាននៅអឺរ៉ុបមួយនេះ បានគូសបញ្ជាក់ថា ប្រទេសចិនទំនងជាបង្កើនក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនបាន ១០០គ្រាប់ថ្មីបន្ថែមទៀតចាប់តាំងពីឆ្នាំ២០២៣ ដែលនាំឲ្យចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសរុបឡើងកើនប្រហែល ៦០០គ្រាប់។
បើតាមក្រសួងការពារជាតិអាមេរិក ប្រទេសចិនកំពុងបង្កើនឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរដល់ ១.០០០គ្រាប់នៅឆ្នាំ២០៣០ ហើយរំពឹងថា ចិននឹងមានក្បាលគ្រាប់អតិបរមាដល់ទៅ ១.៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥។
វិទ្យាស្ថាន SIPRI បានឱ្យដឹងថា កូរ៉េខាងជើងប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥០គ្រាប់គិតត្រឹមខែមករាឆ្នាំនេះ ដូចគ្នានឹងឆ្នាំមុន ប៉ុន្តែប្រទេសនេះ មានសម្ភារៈ និងធាតុផ្សំគ្រប់គ្រាន់សម្រាប់ផលិតរហូតដល់ ៤០គ្រាប់ថែមទៀត។
ចំណែកឯរុស្ស៊ីវិញនៅតែរក្សាស្តុកនុយក្លេអ៊ែរធំបំផុតជាងគេលើពិភពលោក ក្នុងចំនួន ៥.៤៥៩គ្រាប់ ខណៈដែលអាមេរិកមានចំនួន ៥.១៧៧គ្រាប់។ របាយការណ៍បានព្យាករថា បើរួមបញ្ចូលគ្នា ក្បាលគ្រាប់នុយក្លេអ៊ែរអាមេរិក និងរុស្ស៊ីមានប្រហែល ៩០ភាគរយនៃចំនួនសរុបរបស់ពិភពលោក។
រីឯអ៊ីស្រាអែលក៏មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៩០គ្រាប់ផងដែរ ទោះបីជាប្រទេសនេះមិនទទួលស្គាល់ក៏ដោយ។ ទន្ទឹមគ្នា វិទ្យាស្ថាន SIPRI បានបង្ហាញការព្រួយបារម្ភថា ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់កំពុងតែកើតឡើង ទោះបីជាឃ្លាំងស្តុកនុយក្លេអ៊ែរសកលទាំងមូលបានធ្លាក់ចុះបន្តិចមកត្រឹម ១២.២៤១គ្រាប់ក៏ដោយ៕
ប្រភព ៖ Business Insider ប្រែសម្រួល ៖ ឈឹម ទីណា
