ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព

(ភ្នំពេញ)៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព ដោយឈរលើទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស ព្រមទាំងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ប្រជាសហគមន៍។

នេះគឺជាទិសដៅដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេចរណ៍ និងអេកូទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលធ្វើឡើងនៅក្រសួងទេសចរណ៍ ក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេចរណ៍ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.ជ.អ.អ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចនៅក្នុងអង្គប្រជុំថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគ តម្រូវឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន, ការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ការផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន ព្រមទាំងការគោរពគោលការណ៍ចីរភាព និងទទួលខុសត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងដែរថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការអភិវឌ្ឍតំបន់អេកូទេសចរណ៍ សហគមន៍ទេសរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងនានា ជាច្រើនមកហើយ ដូចជា នៅភ្នំខ្នងផ្សារ រមណីដ្ឋានគិរីរម្យ និងភ្នំគូលែន ជាដើម ដើម្បីទាក់ទាញទេសចរស្នាក់នៅ និងកម្សាន្ត ដែលកំពុងទាញចំណូលដោយផ្ទាល់សម្រាប់ទ្រទ្រង់ដល់សហគន៍នៅតំបន់នោះ។ ទន្ទឹមនេះ ចំពោះតំបន់ដែលក្រសួងបានអភិវឌ្ឍន៍រួចហើយនោះ ក្រសួងបានប្រគល់ទៅឱ្យសហគមន៍ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ដើម្បីប្រមូលចំណូលសម្រាប់ទ្រទ្រង់ និងរស់ដោយខ្លួនឯង។

ឯកឧត្តម ក៏បានស្នើដល់អ្នកពាក់ព័ន្ធជួយបណ្តុះបណ្តាល ដោយធ្វើយ៉ាងណាឱ្យតំបន់ទាំងនោះមានភាពស្រស់បំព្រងប្រកបដោយអនាម័យ និងបរិស្ថាន និងមានចំណតឱ្យបានត្រឹមត្រូវផងដែរ ដើម្បីជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចង់ទៅលេងម្តងហើយម្តងទៀត។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ កម្ពុជាបានដាក់ការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន ២សែននាក់។ រយៈពេល ៥ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ដែលមានកំណើន ១១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ តួលេខនេះ គឺដូចទៅនឹងការរំពឹងទុក ឬផែនការដែលបានដាក់ចេញ។ ដោយឡែកសម្រាប់ភ្ញៀវទេសចរជាតិរយៈពេល ៥ខែដូចគ្នា ទទួលបានប្រមាណ ១៣លាននាក់ មានកំណើន ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៤៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner