ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញជួបអង្គទូតប្រចាំកម្ពុជា ពន្យល់អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នៅទីស្តីការក្រសួង បានអញ្ជើញជួបអង្គទូតបរទេសចំនួន ២៧ ប្រទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនាវេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូនដោយផ្ទាល់ដៃដល់លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ ។
ជុំវិញសំណុំរឿងនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
ពីព្រោះពុំអាចដោះស្រាយតាមយន្តការទ្វេភាគីបានទេ ៕


ដោយ៖ហេង សម្បត្តិ