ប្រជាពលរដ្ឋ និងកងទ័ពរីករាយ ទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល ពីការការស្ដារអាងធម្មជាតិ និងការកសាងអាងទឹក
(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីសម្ភោធអាងទឹក និង ទ្វារទឹក រួមទាំង ទំនប់ទឹក នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងកងទ័ពរីករាយ ទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល តាមរយៈ ការស្តារ និង កសាងប្រភពទឹកទាំងអស់នេះ។
លោក ប៊ុន វាសនា មេឃុំភូមិថ្មី បានបញ្ជាក់ថា បើទោះជារដូវវស្សាក្ដីតែសកម្មភាពជួយជីកក៏ដូចជាកាយស្ដារ ស្រះទឹក អាងទឹកនៅតាមមូលដ្ឋានដែលមានជម្រៅ រាក់និងធ្វើទ្វារទឹក លើកបន្ថែមកម្ពស់ទំនប់ ដើម្បីបង្កើនបរិមាណក៏ដូចជាការស្តុកទឹក ទុកប្រើប្រាស់ទាំងរដូវវស្សា និង រដូវប្រាំង ដែលកន្លងមកពុំមានទឹកប្រប្រើប្រាស់គ្រប់គ្រាន់ ។ ហើយការជីកកាយស្ដារនូវប្រភពទឹកទាំងអស់នេះ គឺអាជ្ញារមូលដ្ឋាន បានចូលរួមជាមួយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាអ្នកជួយឧបត្ថម្ភទាំងស្រុង ។
ជាមួយគ្នានេះ កងទ័ពនៅតំបន់ព្រំដែនកម្ពុជាថៃ និងប្រជាពលរដ្ឋបានសប្បាយចិត្តដែលទទួលបានទឹកប្រើប្រាស់បរិបូណ៌គ្រប់រដូវកាល បន្ទាប់ទទួលបានការស្ដារស្រះ សាងសង់អាងទឹក និងការជីកស្ដារអាង ធ្វើទ្វារទឹកជាមួយការជួសជុលទំនប់ទឹកនៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោក ម៉ៅ ស៊ី បានឱ្យដឹងថា អាងទឹកនៅ ឃុំភូមិថ្មី ស្រុកថ្មពួកនេះ មានទំហំ ៦៦០ម៉ែត្រគុណ ៤៥០ម៉ែត្រដែលកាយបន្ថែមជម្រៅ ២.៥០ម៉ែត្រលើជម្រៅ ហើយអាងស្តុកទឹកមួយនៅជើងភ្នំយកទឹកពីជ្រលងភ្នំដងរែកតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ដែលបានកសាងនោះមានបណ្តោយ ២០ម៉ែត្រ និង ទទឹង ១០ម៉ែត្រជម្រៅ ៣ម៉ែត្រផ្ទុកទឹកបាន ៦០០ម៉ែត្រគូប អាចផ្ដល់ទឹកឲ្យកងកម្លាំងនិងប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជីវភាព និងការងារកសិកម្មជាដើម ៕





ដោយ ÷ គៀន ច័ន្ទហ៊ីន