ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង បំពេញតម្រូវការដល់សហគមន៍នៅក្នុងតំបន់ភាគនិរតី

កោះកុង ៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា ។


ពិធីសម្ពោធនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង វត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។


បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ ក្នុងនាមជាធនាគាររបស់កូនខ្មែរសុទ្ធសាធ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយបានប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ជីវភាពរបស់សហគមន៍ និងសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តនេះ ។


កោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់ ។ វត្តមានសាខាធនាគារ វីង ក្នុងខេត្តកោះកុង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសំដៅគាំទ្រដល់ការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្មខ្នាតតូច និងសហគ្រាសនានា ឱ្យរីកលូតលាស់ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានសម្ទុះកំណើនយ៉ាងឆាប់រហ័ស ។
មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្បែរសាលាខេត្ត និងស្ពានកោះកុង សាខាថ្មីធនាគារ វីង ផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដើម្បីបំពេញតម្រូវការអតិថិជនទូទៅ សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗជាដើម ។


សាខានេះនឹងបំពេញតួនាទីបន្ថែមពីលើភ្នាក់ងារធនាគារ វីង ប្រមាណ ១២០ ទីតាំងនៅទូទាំងខេត្តកោះកុង ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ។ រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយមានការិយាល័យធនាគារចំនួនជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង ១០០ កន្លែង ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា ។


ក្រៅពីនេះទៀត អេប របស់ធនាគារ វីង មានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដើម្បីឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព ។ ដោយទទួលបាននូវការទុកចិត្តពីប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពេលនេះ ធនាគារ វីង មានអ្នកដាក់ប្រាក់បញ្ញើសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយកំពុងបម្រើអតិថិជនដែលមានជាង ៩,៥ លានគណនី ។


ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកោះកុងដែលបើកគណនីបញ្ញើមានកាលកំណត់ ។ ការផ្តល់ជូននេះ មានគោលបំណងលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាជំរុញភាពបត់បែនផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍នៃខេត្តកោះកុងផងដែរ ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner