ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុជូនពលរដ្ឋ ជាង ៨ពាន់បណ្ណ ជិត ៣ពាន់គ្រួសារ
(កំពត)៖ ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិចំនួន ៥នៃឃុំព្រៃទន្លេ និងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ពិសេសប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ បានប្រព្រឹត្តទៅដោយរលូនគ្រប់ដំណាក់កាលនិងសម្រេចបានជោគជ័យ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺគ្រាន់តែជាជំហានមួយក្នុងដំណើរដ៏វែងឆ្ងាយរបស់យើងប៉ុណ្ណោះ ហើយនៅដើមអាណត្តិទី ៧នេះ យើងនៅសល់ប្រមាណ ៥លានក្បាលដីដែលត្រូវចុះបញ្ជីដីធ្លីបង្ហើយ ហើយមកទល់ពេលនេះយើងនៅសល់ត្រឹមតែ ២០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែង ដូច្នេះយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយនេះ នឹងត្រូវចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខ ។
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលយើងបានចុះបញ្ជីដីធ្លីបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដោយកិច្ចការនេះទាមទារឲ្យមានការឯកភាពជាតិ និងការស្រុះស្រួលគ្នា នោះទើបអាចបញ្ចប់ការងារចុះបញ្ជីដីធ្លីបានជោគជ័យ ។ ជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុវត្តកិច្ចការមួយចំនួនទៀត ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ប្រមាណត្រឹមតែជាង ២០០ករណីទៀតប៉ុណ្ណោះ ដោះស្រាយសម្របសម្រួលបញ្ហា នៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប ឱ្យមានភាពចុះសម្រុងគ្នា ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថល ដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចីជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយ ដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីក្នុងខេត្តកំពតនេះរួច ជំហានបន្ទាប់គឺត្រូវធ្វើយ៉ាងណាកសាងជីវភាពរបស់អ្នកខេត្តកំពត ឲ្យមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈវិស័យកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពត បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុជូនប្រជាពលរដ្ឋចំនួន៥ភូមិ សរុបចំនួន ៨ ៧៤៣បណ្ណ ស្មើនឹង ២ ៩២១គ្រួសារ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៦ភូមិ សរុបចំនួន ១០ ០១៣ក្បាលដី ស្មើនឹង ៣ ៦៥០គ្រួសារ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ៕






ដោយ / គ្រី សម្បត្តិ