អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាតម្រូវការសន្តិសុខស្បៀង និងអាចជំនួសបានទាំងស្រុងពីបន្លែផ្លែឈើនាំចូល

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជាបានបិទច្រកទ្វារព្រំដែនមិនឱ្យបន្លែ ផ្លែឈើនាំចូលពីប្រទេសថៃបន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសថៃរួចមក អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាកម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង និងអាចជំនួសបានទាំងស្រុងពីបន្លែផ្លែឈើនាំចូល ។

បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្មកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ដែរថា”ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាព នៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស”។

គួរបញ្ជាក់ថា តាមរយៈថ្លែងសារពិសេស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ចាប់ពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៥តទៅ ដោយហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាភាគីថៃ មិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន ដើម្បីជាការឆ្លើយតបទៅវិធានការគឃ្លើនមិនគោរពច្បាប់របស់សមភាគីថៃ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា តែនៅពេលបិទព្រំដែន គឺភាគីថៃ បិទខ្លួនឯងតែពេលចង់បើកមកបបួលភាគីខ្មែរ ចរចាដើម្បីកុំឱ្យបាក់មុខខ្លួន ក្នុងចេតនាទាញកម្ពុជាឱ្យបាក់មុខជាមួយ។ សូមឱ្យច្បាស់ថា កម្ពុជា ជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លែ ហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃ នឹងត្រូវចេះទទួលខុសត្រូវករណីខ្លួនបានប្រព្រឹត្ត តែមកដាក់លក្ខខណ្ឌចរចាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបើកព្រំដែន រឿងនេះកម្ពុជាអត់ទទួលយកបាននោះទេ។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា” សូមបងប្អូនប្រជាជនថៃកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង (ខេត្តបាត់ដំបង) ដែលហាមឃាត់នូវការដឹកផ្លែឈើ និងបន្លែ ដែលក្នុងមួយថ្ងៃៗរាប់រយឡាន ដឹកចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម គួរទៅតវ៉ាជាមួយកងទ័ពថៃដែលបិទព្រំដែនឯកតោភាគី។ «ពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ ចឹងសូមបងប្អូនថៃកុំខឹងសប្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner