សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបិទមហាសន្និបាត វិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន ១២០០នាក់ ដែលសន្និបាតបានប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថា សមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥,៣៥៦នាក់ ស្រី៩១,០៣៨នាក់ ស្មើ ៤៩.១១ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកាយរឹទិ្ធជាតិកម្ពុជា។

តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងវិស័យអប់រំកម្ពុជា រួមចំណែកអភិវឌ្ឍកុមារ និងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។ កាយរឹទិ្ធជាតិកម្ពុជា គាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។

ការបញ្ចូលកម្មវិធីអប់រំកាយរឹទិ្ធកម្ម ទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ពិតជាបានជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។
ជាទិសដៅ កាយរឹទិ្ធជាតិកម្ពុជា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមគ្រឹះស្ថាសិក្សា ដើម្បីគាំទ្រសកម្មភាពអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តគម្រោងសកម្មភាពនៅតាមសហគមន៍នានា សម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) អង្គការសហប្រជាជាតិ។ លើសពីនេះ កម្មវិធីអប់រំកាយរឹទិ្ធកម្ម បានផ្តល់ឱកាសដល់យុវជនកម្ពុជាចូលរួមក្នុងបុព្វហេតុមាតុភូមិ ដើម្បីកសាងកម្លាំងយុវជនប្រកបដោយចំណេះដឹង សីលធម៌ ភាពធន់ ភាពជាពលរដ្ឋសកល និងមានភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

មហាសន្និបាតវិសាមញ្ញ ប្រព្រឹត្តិទៅដោយទទួលបានលទ្ធផលជាផ្លែផ្កា ដូចតទៅ៖ ១៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មធម្មនុញ្ញកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៣ ព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា និងបានបន្ថែមមាត្រា១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងមាត្រា១៧ (ថ្មី) គរុគណ។ ២៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៤ អំពីព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ប្រការ១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងប្រការ១៧ (ថ្មី) គរុគណ។ ៣៖ អង្គមហាសន្និបាតវិសាមញ្ញ បានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាព្រឹទ្ធាចារ្យគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា។ ៤៖ អង្គមហាសន្និបាតវិសាមញ្ញបានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner