ក្រុមប្រឹក្សាអភិវឌ្ឍកម្ពូជា បានកាត់បន្ថយចំនួននាយកដ្ឋាន ពីចំនួន ២៦នាយកដ្ឋាន មកនៅត្រឹម ២១នាយកដ្ឋានវិញ

(ភ្នំពេញ)៖ ក្រោយពីបានវិភាគមុខងារក្រុមប្រឹក្សាអភិវឌ្ឍកម្ពូជា ក៏បានកាត់​បន្ថយ​ចំនួននាយកដ្ឋាន ពីចំនួន ២៦នាយកដ្ឋាន មកនៅត្រឹម ២១នាយកដ្ឋានវិញ។ ក្រោយពីទទួលបានការណែនាំពីក្រសួងមុខងារសាធារណៈ ក្រុមការងារ​បច្ចេក​ទេសការកែទម្រង់រដ្ឋបាលសាធារណៈនៃ ក.អ.ក. បានចូលរួម និងដឹកនាំកិច្ចប្រជុំ​បច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធានាបាននូវសង្គតិភាព និងភាពត្រឹម​ត្រូវនៃសេចក្តីព្រាងអនុវក្រឹត្យ និងពិភាក្សាលើតួនាទី ភារកិច្ច ដែលមានលក្ខណៈ​ប្រទាក់ក្រឡាគ្នា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាព​នៃ​ប្រព័ន្ធតួអង្គតែមួយ» «ការរៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។”

នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គ​លេខា​ធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដែល ក្រសួងមុខងារ​សាធារណៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមាន​ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំង២។

ឯកឧត្តមបន្តថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ ក.អ.ក. បានកំណត់​ការងារស្នូល ចំនួន៣ រួមមាន៖ ១).ការដឹកនាំ សម្របសម្រួល និងជំរុញកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍, ២).ការដឹកនាំ គ្រប់គ្រង និងជំរុញការវិនិយោគឯកជន និង​ការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចពិសេស និង ៣).ការដឹកនាំ សម្របសម្រួល និងតាមដាន​ការអនុវត្តគោលនយោបាយ ព្រមទាំងអមដោយមុខងាររងចំនួន១៣។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញ​របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំ​ណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុង​ក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner