រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ លើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងចូលរួមក្នុងសហគមន៍កសិកម្មទំនើប
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំយកអស់កម្លាំងកាយចិត្តអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសើរជួយដល់ប្រជាកសិករ។
ក្នុងពិធីចុះសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ និងសិល្ប:នៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ តាមរយ:យន្តការរក្សាលំនឹងថ្លៃ ការលើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើនថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីទស្សនាទាន “មានហូប មានបាន មានប្រើ និងមានរហូត” ដោយសង្កត់ធ្ងន់លើសារ:សំខាន់នៃវិស័យកសិកម្មកម្ពុជាដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាល:ទេស: ដូចជាវិបត្តិជំងឺកូវីដ-១៩ គ្រោះរាំងស្ងួតបង្កដោយបាតុភូតអ៊ែលនីញ៉ូ និងគ្រោះទឹកជំនន់នាពេលកន្លងមក ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុបិទព្រំដែនដោយក្រុមជ្រុលនិយមថៃនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថាការធ្វើពិពិធកម្មដំណាំពាក់ព័ន្ធនឹងការដាំដុះដំណាំនៅក្នុងតំបន់តែមួយ ដំណាំបង្វិល ដើម្បីបង្កើនភាពធន់នឹងកសិកម្ម។ កសិកម្មអាចកែលម្អសុខភាពដី កាត់បន្ថយហានិភ័យពីសត្វល្អិត ជំងឺ និង រក្សាស្ថេភាពទិន្នផលដោយការណែនាំប្រភេទដំណាំនិងពូជផ្សេងៗគ្នា ។វិធីសាស្រ្ដនេះលើកកម្ពស់ជីវចម្រុះ កាត់បន្ថយហានិភ័យទីផ្សារ អាកាសធាតុ និងជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្ដភាព។
ការធ្វើពិពិធកម្មដំណាំគឺជាយុទ្ធសាស្រ្ដដ៏សំខាន់មួយសម្រាប់ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌបរិស្ថាននិងសេដ្ឋកិច្ច។ ដោយឡែក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅថ្ងៃដដែលនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ សូមជួយពន្យល់កសិករអំពីរបៀបគណនាថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ដើម្បីពួកគាត់យល់កាន់តែច្បាស់ថា អ្វីជាថ្លៃដើមពិតប្រាកដ ហើយការចំណាយអ្វីខ្លះដែលមិនត្រូវរាប់បញ្ចូលក្នុងថ្លៃដើមផលិត និងលើកទឹកចិត្តឱ្យបន្តបំពេញការងារតាមឃុំគោលដៅ ផ្សារភ្ជាប់ឱ្យបានជិតស្និទ្ធជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ប្រេីប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ជាប្រយោជន៍ដល់ការងារកសិកម្ម ជួយដោះស្រាយបញ្ហាប្រឈមនិងគាំទ្របច្ចេកទេសដល់ប្រជាកសិករ៕
ដោយ ៖ ម៉ាដេប៉ូ










