សម្ដេចធិបតី៖ ទ័ពថៃ ចោទកងទ័ពកម្ពុជាថា តម្រង់កាណុងដាក់ ប៉ុន្ដែគេវិញ​ចល័តទ័ព និងកាំភ្លើងធំរាល់ថ្ងៃ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កងទ័ពថៃ បានចោទកងទ័ព​កម្ពុជាថា តម្រង់កាណុងដាក់ ប៉ុន្ដែសម្រាប់ពួកគេវិញ ចល័តទ័ព និងអូសកាំភ្លើង​ធំ​រាល់ថ្ងៃ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជ​ធានី​ភ្នំ​ពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹក​នាំ​ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន ១២០០​នាក់ ។

សម្ដេចធិបតី បានបន្តថា ចំពោះកងទ័ពកម្ពុជានៅជួរមុខ មានអ្នកលើកឡើងថា ឃើញពាក់ស្បែកជើងផ្ទាត់ ប៉ុន្ដែសម្ដេចឆ្លើយតបទៅវិញថា ពេលខ្លះវាជាភាពងាយ​ស្រួលរបស់ពួកគាត់ មិនមែនខ្វះខាតសម្ភារៈទេ។ យ៉ាងណាមិញ សម្ដេចបាន​សង្កត់​ធ្ងន់ថា ទោះបីជាពាក់ស្បែកជើងផ្ទាត់ ក៏កងទ័ពកម្ពុជា មិនខ្លាចញញើតនឹងការប្រយុទ្ធ​ការពារ​ទឹកដីដែរ ។

សូមជម្រាបថា ជុំវិញករណីកងទ័ពថៃ ចោទកងទ័ពកម្ពុជាថា តម្រង់កាណុងដាក់ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ បានចេញមកបញ្ជាក់ថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេល​យើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅ គឺតម្រង់​ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណា បង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ឬមួយ​កងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា? ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋា​ភិបាល​ទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែក​យោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការ​ការ​ពារ​ទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ ។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញការសោកស្ដាយ ដែលភាគីថៃ មិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ។

ក្រសួងការពារជាតិ បានឱ្យដឹងទៀតថា ភាគីថៃ បានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន​ក្នុងភូមិ​សាស្ដ្រ​ខេត្ដព្រះវិហារ និងខេត្ដឧត្ដរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្ដិភាព និងសន្ដិសុខនៃប្រទេសទាំងពីរ ។

តែយ៉ាងណា ក្រសួងការពារជាតិ បញ្ជាក់ថា កងទ័ពកម្ពុជា គាំទ្រនូវជំហររបស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី ព្រម​ទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរព​អធិប​តេយ្យ​របស់​ប្រទេសជិតខាង និងប្ដេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្ដិភាព។ ប៉ុន្ដែកម្ពុជា ក៏មិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានបានពីប្រទេស​ណាមួយ ហើយប្ដេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner