អាមេរិកបង្កើតកម្លាំងពិសេសជួយពលរដ្ឋខ្លួននៅមជ្ឈិមបូព៌ា
បរទេស ៖ អាមេរិកបានបង្កើតកងកម្លាំងពិសេស ចាំជួយប្រជាពលរដ្ឋរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា អំឡុងពេលផ្ទុះសង្គ្រាម រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបង្កើតក្រុមការងារពេញម៉ោង ដើម្បីជួយប្រជាជនអាមេរិកនៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។
លោកស្រីបានប្រាប់ថា «ក្រសួងការបរទេសបានបង្កើតក្រុមការងារមជ្ឈិមបូព៌ា ដើម្បីជួយសម្របសម្រួល ការគាំទ្រសម្រាប់ពួកយើង ប្រជាពលរដ្ឋ បេសកកម្មការទូត និងបុគ្គលិករបស់យើង»។
លោកស្រីបន្តថា «ក្រុមការងារកំពុងប្រតិបត្តិការ ២៤ម៉ោង ក្នុងមួយថ្ងៃ… អំឡុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ ដើម្បីជួយជូនដំណឹង ដល់ពលរដ្ឋរបស់យើង…យើងបានចេញការជូនដំណឹងសុវត្ថិភាព ជាង៣០ដង ទៅកាន់ប្រទេសក្នុងតំបន់ និងបានធ្វើបច្ចុប្បន្នភាពការប្រឹក្សា ជុំវិញការធ្វើដំណើរ សម្រាប់អ៊ីរ៉ង់ និងអ៊ីស្រាអែល»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
