ឯកឧត្តម ហ៊ុន ម៉ានី ៖ ការជួបជុំថ្មើរជើងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលចង់ប្រាប់ថា ប្រជាជនខ្មែរមិននៅស្ងៀមនោះទេ នៅពេលជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការជួបជុំគ្នាថ្មើរជើងចេញពីទីតាំងកោះពេជ្យ ដល់វិមានឯករាជ្យ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលចង់ប្រាប់ថា នៅពេលជាតិ ប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរ ដោយស្មារតីរួមគ្នា ជាកម្លាំងជាតិតែមួយ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងដុច្នេះក្នុងព្រឹត្តិការណ៍ថ្មើរជើងចេញពីទីតាំងកោះពេជ្យ ដល់វិមានឯករាជ្យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ស.ស.យ.ក មន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីរាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ ជំហររបស់ពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ ។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថ្លែងអំណរគុណដល់ទឹកចិត្ត ស្មារតី ឆន្ទៈ បងប្អូនជនរួមជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាគណបក្សនយោបាយ និងយុវជនពីគ្រប់ទិសទីដែលបានមកជួបជុំគ្នាដើរថ្មើរជើង «Solidarity March» ដោយបង្ហាញពីមោទនភាពជាតិខ្មែរ ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី ។ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នាជាកម្លាំងជាតិតែមួយ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការជួបជុំនេះ ក៏សបញ្ជាក់ពីទឹកចិត្តកូនខ្មែរ ដែលមានការគិតគូយល់ពីសុខទុក្ខ ដែលជាការរួមចំណែកបង្ហាញពីមោទនភាព ចង់បង្ហាញពីសេចក្តីស្រឡាញ់ ចង់បង្ហាញទៅលើការគាំទ្រ ការជឿជាក់ដល់ព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើព្រះមហាក្សត្រ ជឿជាក់ទៅលើសម្តេចតេជោ ជាពិសេសជឿជាក់ទៅលើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសដោះស្រាយបញ្ហាដោយសន្តិវិធី ដោះស្រាយគ្រប់មធ្យោបាយទាំងអស់ ទាំងការទូត ទាំងច្បាប់ ទាំងយោធា យើងជ្រើសរើសរកដំណោះស្រាយសុខសន្តិភាព ។ ដូចសម្តេចតេជោ បានលើកឡើង ទោះបីយកករណីប្រាសាទតាមាន់ធំ តាមាន់តូច មុំបី ក៏ដូចជា ប្រាសាទតាក្របី ទៅតុលាការឡាអេនេះ ជាដំណោះស្រាយឈ្នះឈ្នះ ដែលកម្ពុជា សង្ឃឹមថា ភាគីម្ខាងទៀត នឹងឯកភាពចូលរួមចំណែកក្នុងការដោះស្រាយដោយសន្តិវិធីនេះ ។ មានតែតុលាការឡាអេ ទេ ដែលមានភាពអព្យាក្រឹត្យ ក្នុងការមើលឃើញ និងដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិ ។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសរំលេចថា ក្រោមការដឹកនាំរបស់សម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា ជ្រើសរើសសុខសន្តិភាពជ្រើសរើសស្ថិរភាព ជ្រើសរើសដំណោះស្រាយដោយសន្តិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជនយើង។ យើងបន្តនូវកិច្ចសហប្រតបត្តិការតទៅមុខបន្ថែមទៀតទៅលើមូលដ្ឋានទាំងអស់នេះ ដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនរបស់យើង ។
សូមជម្រាបថា ក្បួនដង្ហែថ្មើរជើងនៅចេញពីកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។ ដំណើរថ្មើរជើងនៅពេលនេះ គឺបង្ហាញពីទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់ទីកន្លែង រួមចិត្ត រួមសំឡេងបេះដូងតែមួយព្រមគ្នាការពារទឹកដី ជាពិសេសបង្ហាញទឹកចិត្តឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ដែលបង្ហាញ ថា ពលរដ្ឋម្នាក់ៗ ពិតជាមានការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងជួរមុខ ៕
អត្ថបទ៖ វណ្ណលុក
រូបថត៖ FN
វីដេអូ៖ សួង ពិសិដ្ឋ
























