សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា ។ សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសថ្លែងសារជូនចំពោះមហាជន ក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ចេញពីកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី ។

សម្ដេចធិបតី បានរម្លឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងាករដណ្ដើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការពារបូរណភាពទឹកដីកម្ពុជាតាមរយៈការទទួលបានជោគជ័យលើរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងដឹងគុណដល់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ ការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតផ្ដល់សន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ។

នៅក្នុងស្មារតីនេះ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សា ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលកំពុងឡើងកម្ដៅ ដោយកម្ពុជា បាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

សម្ដេចបន្ថែមថា កម្ពុជា បន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខណ្ឌសីហា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ លើកលែងតែនៅតំបន់បួន គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលកម្ពុជា បានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការរបស់កម្ពុជា បានប្រគល់ទៅឱ្យ ICJ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ជ្រើសរើសយកដំណោះស្រាយដោយសន្ដិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្ដិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner