សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា
(ភ្នំពេញ)៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមាន លោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។
សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។
នៅក្នុងនោះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជា ថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះ បង្ហាញពីទង្វើ និយាយផ្សេង តែធ្វើផ្សឹង ។
ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង ៩នាទីប៉ុណ្ណោះ ដូច្នេះ បើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី ៕

ដោយ ៖ វណ្ណលុក