វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរជាផ្នែកមួយដ៏សំខាន់បណ្តុះបណ្តាលគ្រូនិងមន្រ្តីបច្ចេកទេសដ៏មានសមត្ថភាពនាថ្ងៃអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា ការបង្កើតជាផ្លូវការនៃវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាការបោះជំហានដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាលធនធានមូលដ្ឋានគ្រឹះនេះនឹងជំរុញឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ហើយបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ក៏មិនអាចធ្វើឱ្យគុនខ្មែរចាក់ឫសចាក់គល់នៅលើឆាកអន្តរជាតិដែរ។

ការលើកឡើងរបស់ ឯកឧត្តម ខូវ ឆាយ ធ្វើឡើងនៅក្នុងការប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ស្ថិតនៅបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។

ឯកឧត្តម ខូវ ឆាយ បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក ក៏ដូចជាមន្ត្រីបច្ចេកទេសឱ្យាកាន់តែមានសមត្ថភាពនាថ្ងៃអនាគត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាគុនខ្មែរឱ្យល្បីសុះសាយទូទាំងសាកលលោក រួមទាំងគោលដៅផ្សព្វផ្សាយគុនខ្មែរនៅអន្តរជាតិឱ្យប្រទេសដទៃៗទៀតចូលរួមជាសមាជិករបស់គុនខ្មែរជុំវិញពិភពលោក និងចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសលើឆាកអន្តរជាតិឱ្យបណ្តាប្រទេសដ៏ទៃទៀតបានស្គាល់និងយល់កាន់តែច្បាស់ ដើម្បីឱ្យពួកគេចូលរួមជាមួយយើងជាសមាជិកគុនខ្មែរ។

ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាសមភាគីចិន ក្នុងកិច្ចសហការគ្នានេះនឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្នើសុំឱ្យទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីឱ្យវិទ្យាស្ថានមួយនេះក្លាយជាកន្លែងបណ្តុះបណ្តាលមួយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់អំពីប្រវត្តិសាស្ត្រនៃគុនខ្មែរ និងបច្ចេកទេសនៃក្បាច់គុនខ្មែរផងដែរ។វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរនឹងក្លាយជាកន្លែងបណ្តុះបណ្តាលមួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែការចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាដោយក្រសួងអប់រំ យុវជន និងកីឡា។

វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមភាគីចិន ជាអ្នកវិនិយោគនូវការរៀបចំវិទ្យាស្ថាននេះជាមួយនឹងការបំពាក់សម្ភារ បរិក្ខាគ្រប់បែបយ៉ាង ខណៈសហព័ន្ធជាអ្នកគ្រប់គ្រងលើគ្រូបង្វឹក ការបណ្តុះបណ្តាលចំណេះដឹងគុនខ្មែរដោយអនុលោមទៅតាមបច្ចេកទេសក្បួនច្បាប់របស់គុនខ្មែរឱ្យបានត្រឹមត្រូវ ដែលសហព័ន្ធបានរៀបចំចងក្រងនូវកេរ្តិ៍មរតកគុនខ្មែរដែលបន្សល់ទុកដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងត្រូវប្រាកដថា ការបណ្តុះបណ្តាលនេះត្រូវតែឈរលើភាពច្បាស់លាស់ ក្នុងនាមជាម្ចាស់ក្បាច់គុន។

មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរបានសហការជាមួយសាកលវិទ្យាល័យកីឡាចំនួន២ នៅប្រទេសចិន ដោយសាកលវិទ្យាល័យមួយស្ថិតនៅក្នុងខេត្តស៊ីឈាន់ និងនៅខេត្តគ័ងស៊ី ដែលកិច្ចសហការគ្នានេះនឹងផ្តល់កិច្ចសហសិក្សា ដោយអនុញ្ញាតឱ្យសិក្ខាកាមបណ្តុះបណ្តាលនៅកម្ពុជា ហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យទាំងពីរនៅប្រទេសចិនបាន។ យើងមានកម្មវិធីសិក្សា ២បូក២ ឬ៣បូក១ ដោយមានន័យថា សិក្សានៅកម្ពុជា២ឆ្នាំ ហើយបន្តសិក្សា២ឆ្នាំនៅចិន ដើម្បីទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រ នៅប្រទេសចិនតែម្តង។ យើងក៏មានផែនការបន្តដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតកីឡាគុនខ្មែរតែម្តង នាថ្ងៃអនាគត។

ចំណែក លោក លីវ អឺលី (Liu Erli) នាយកវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ បានថ្លែងលើកឡើងដែរថា ថ្ងៃនេះលោកពិតជាមានកិត្តិយស ដែលបានមានវត្តមាននៅទីនេះ ដើម្បីប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។លោថា នៅខែកញ្ញា ឆ្នាំ ២០២៥ យើងនឹងទទួលស្វាគមន៍សិស្សក្រុមទីមួយ ទន្ទឹមនឹងនេះ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែររបស់យើងនឹងប្តេជ្ញាថា ធ្វើឱ្យសិល្បៈក្បាច់គុនខ្មែរក្លាយជានិមិត្តសញ្ញាវប្បធម៌ដ៏មានឥទ្ធិពលបំផុតរបស់អាស៊ាន ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner