អ្នកសារព័ត៌មាន ៨០រូប មកពី ៦០ស្ថាប័ន ចូលរួមវេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ វេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» បានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ វេទិកាពិភាក្សានេះ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយគណ:កម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៨០រូប មកពី ៦០ស្ថាប័នផ្សេងៗគ្នា ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំដំបូងនៃអាណត្តិថ្មីរបស់ព្រឹទ្ធសភា អំពីការធ្វើនយោបាយការទូតសភា ។ តើអ្វីទៅជា ការទូតសភា?
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការរៀបចំវេទិកាពិភាក្សានេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវ «នយោបាយការទូតសភា» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចាត់ទុកវេទិកានេះ ជាឱកាសដ៏កម្រ ដែលអ្នកសារព័ត៌មាន បានជួបពិភាក្សាដោយផ្ទាល់ជាមួយស្ថាប័ននីតិបញ្ញត្តិ ហើយអាចលើកជាសំណួរទាក់ទងនឹងនយោបាយការទូតសភា ទៅកាន់វាគ្មិន ដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងវេទិកាពិភាក្សានេះ ។
លោក ពុយ គា បន្តថា វេទិកាពិភាក្សានេះ ក៏រៀបចំឡើងក្នុងពេលដែលកម្ពុជា កំពុងមានភាពតានតឹងជាមួយភាគីថៃ លើជម្លោះព្រំដែន ក្រោយពេលដែលយោធាថៃ បានបិទព្រំដែនដោយឯកតោភាគី កម្ពុជា ក៏បានបិទព្រំដែន មិនឱ្យថៃ នាំបន្លែ និងផ្លែឈើចូលមកកម្ពុជាវិញដែរ ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បង្ហើបថា ថ្មីៗនេះ ក្រោយពេលបែកធ្លាយសារសំលេងសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងសម្ដេចតេជោ ហ៊ុន សែន ផ្ទៃក្នុងថៃ ក៏កំពុងមានការទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត








