រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ

អត្ថបទដោយ៖
ឈឹម សុផល

(ឧត្តរមានជ័យ)៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ (តាមាន់ធំ តាមាន់តូច និងតាក្របី) ក្នុងខេត្តឧត្តរមានជ័យ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាព្រឹត្តការណ៍ “ការធ្វើដំណើរថ្មើរជើង” នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។

ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ចែកជូនដល់កងកម្លាំងជួរមុខ ដេីម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខកងកម្លាំងជួរមុខឈរជេីងក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសប្បុរសជន និងបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកគាំទ្រដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត ក្នុងស្មារតីរួបរួមខ្មែរតែមួយ៕

ប្រភព ៖ កសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner