រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយអាទិភាពទី៥ និងទី៦ ប្អូនៗមន្ត្រីកសិកម្មឃុំចំនួន ១ ២៥០នាក់ ត្រូវបានជ្រើសរើស
(ឧត្តរមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលតាមរយ:នេះ ប្អូនៗមន្ត្រីកសិកម្មឃុំចំនួន ១ ២៥០នាក់ ត្រូវបានជ្រើសរើស និងកំពុងបំពេញការងារ ខណ:ដែលចំនួន ៣៥០នាក់ទៀតកំពុងត្រៀមជ្រើសរើសបន្ថែម ដើម្បីដាក់ពង្រាយនៅទូទាំងប្រទស និងដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម និងទីផ្សារជូនបងប្អូនកសិករ ។
ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យប្អូនៗធ្វើការវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ និងស្នើសុំការគាំទ្របន្ថែមពីអ្នកជំនាញក្រសួងក្នុងករណីចាំបាច់ តាមប្រព័ន្ធ Hotline លេខ១២៨៩ មុននឹងផ្តល់ការឆ្លើយតប ឬដំណោះស្រាយទៅប្រជាកសិករវិញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការឆ្លេីយតប ក៏ដូចជាជំនឿទុកចិត្តរបស់កសិករមកលើប្អូនៗ។
ការថ្លែង របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មដូចនេះ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការងារសំខាន់មួយទៀតរបស់ប្អូនៗ គឺត្រូវព្យាយាមពន្យល់ប្រជាកសិករឱ្យមានការគិតវិជ្ជមានចំពោះវិស័យកសិកម្ម ផ្អែកលេីទស្សនាទាន “មានហូប មានប្រេី មានបាន និងមានរហូត”,ជួយវិភាគសេដ្ឋកិច្ច និងគណនាថ្លៃដេីមផលិតដល់កសិករ និងលេីកទឹកចិត្តកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនេីប ដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីនថែមទៀត ខណ:ដែលក្រសួងនឹងបន្តខិតខំអនុវត្តយន្តការរក្សាលំនឹងតម្លៃកសិផលសំខាន់ៗក្នុងតម្លៃសមរម្យជូនកសិករ៕





ប្រភព ៖ ក្រសួងកសិកម្ម