ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានមានប្រសាសន៍ថា កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព ។

នេះជាការលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលបញ្ចប់ការងារ និងអាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ ។

ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការសោកស្ដាយដែលមិនបានចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជូនពរ ឯកឧត្តមទេសរដ្ឋមន្រ្តី ទទួលបានលទ្ធផលជោគជ័យខ្ពស់ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចូលសម្ដែងការគួរសម និងជម្រាបលាក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ការងារនិងអាណត្តិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សម្ដែងការសោកស្ដាយដែល ឯកឧត្តមឯកអគ្គរដ្ឋទូត មិនបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះនឹងបង្ហាញឱ្យឃើញថា «កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត និងសន្តិភាព»៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner