អភិបាលខេត្តកោះកុង ៖ ខេត្តបានត្រៀមរៀបចំទីតាំងសុវត្តិភាពជាស្រេចសម្រាប់ជម្លៀសពលរដ្ឋរស់នៅតាមព្រំដែនពេលករណីតានតឹងខ្លាំងជាមួយសមភាគីថៃ
(ខេត្តកោះកុង)៖ ខណៈពេលដែលកម្ពុជាកាន់តែមានបញ្ហាព្រំដែនជាមួយសមភាគីថៃកាន់តែមានសភាពតានតឹងជាបន្តបន្ទាប់មកនោះ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានថ្លែងថា នៅពេលនេះខេត្តបានត្រៀមរៀបចំជាស្រេចនូវទីតាំងសុវត្ថិភាពចំនួន៧ ដើម្បីជម្លៀសពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានការផ្ទុះអាវុធណាមួយកើតឡើង ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង បានឱ្យដឹងថា ចំពោះ ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុងជាមួយប្រទេសថៃគ្មានភាពតានតឹងឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធគួរឱ្យកត់សម្គាល់នៅឡើយនោះទេ ។
លោកជំទាវអភិបាលខេត្តបានឱ្យដឹងដែរថា ខេត្តកោះកុងបានត្រៀមទីតាំងរួចហើយ សម្រាប់ជម្លៀសពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធនោះ ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានៅតំបន់មុំបី ខេត្តព្រះវិហារ ដោយទាហានថៃបានលួចបាញ់មកលើកងទ័ពកម្ពុជាកំពុងឈរជើងនៅតំបន់ព្រំដែន ហើយបណ្តាលឲ្យទាហ៊ានខ្មែរម្នាក់ស្លាប់។ក្រោយមកភាគីថៃបានធ្វើការបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីដោយមិនបានជូនដំណឹងដល់កម្ពុជាឲ្យបាមដឹងមុននោះឡើយ៕






ដោយ ៖ ម៉ាដេប៉ូ