កម្ពុជាអបអរទិវាយូហ្គាពិភពលោកលើកទី១១ នៅទីលានជល់ដំរី

សៀមរាប៖ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋ​ទូត​នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខា​ធិការក្រសួងទេសចរណ៍ អមដោយឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី អភិបាលរង​ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​បានអញ្ជើញ​ចូលរួមកម្មវិធីបង្ហាត់យូហ្គា នៅក្នុងទីលានសាធារណៈខាងមុខ​ទីលាន​ជល់ដំរី ប្រាសាទបាយ័ន ដើម្បី អបអរសាទរទិវា​យូហ្គាពិភពលោក​លើកទី១១“The 11th International Day of Yoga” ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​វប្បធម៌​នៃអាជ្ញាធរជាតិអប្សរា និងក្រុមគ្រូ​បង្រៀន​យូហ្គាដែលមានបទ​ពិសោធន៍បានសាធារណជនចូលរួមអនុវត្តលំហាត់យូហ្គាក្នុងបរិយាកាសស្ងប់ស្ងាត់។

ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាមានប្រសាសន៍ថា ការជ្រើសរើស​ខេត្ត​សៀមរាប​ប្រារព្ធ​ទិវាយោគៈ​អន្តរជាតិលើកទី១១ ព្រោះ​ជាខេត្ត​គោលដៅទេសចរណ៍លំដាប់ពិភព​លោក​។ឯកឧត្តម​បន្តថា យូហ្គាបានលើកកម្ពស់ការយល់ដឹងអំពី​សារសំខាន់នៃសុខភាពផ្លូវចិត្ត និងបញ្ញាដល់សាធារណជន ។លោក​រំពឹង​ថាការធ្វើយូហ្គានឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់​ប្រជា​ជន​កម្ពុជា ។បង្កើត​សង្គមដែលមាន​សុខភាពល្អ៕


ដោយ៖ប៊ុនរដ្ឋា

ads banner