មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបសំណេះសំណាលពលករខែ្មរត្រឡប់មកពី ថៃនៅច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និងនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មា​ធិការជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពី​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករខ្មែរដែលវិលត្រឡប់មកពី​ប្រទេស​ថៃ​​នៅទីតាំងមណ្ឌលសំចតនៅច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត។

នៅមណ្ឌលសំចតដែលរៀបចំដោយរដ្ឋបាលខេត្ត លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា កាលពីថ្ងៃទី១៦ ខែ​មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន​ប្រាប់ទៅស្ថាន​កុងស៊ុល​កម្ពុជានៅប្រទេសថៃ ឱ្យជួយសម្រួលឯកសារ​នានាដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។

សូមជម្រាបថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែន​ស្ទឹងបត់ អាជ្ញាធរខេត្ត និងក្រុមការងារក្រសួង​ការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ បានប្រចាំការរង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរដែល​ត្រឡប់​មកពីប្រទេសថៃវិញ។

ចំពោះ​បងប្អូនពលករដែលវិលត្រឡប់មក​ប្រទេសកម្ពុជា ទោះជា​គ្មានឯកសារគ្រប់គ្រាន់ក៏ដោយតាមបទបញ្ជា និង​សាររបស់សម្តេច​ទាំងទ្វេ ក្រុមការងារបានត្រៀមលក្ខណៈសម្រួលឯកសារនានា មានផ្តល់អាហារបណ្តោះអាសន្ន រយ:ពេលវែង កន្លែងទទួលសមរម្យ និងរថយន្តជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។

លើសពីនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានត្រៀម​ផ្ដល់​ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការ​បណ្ដុះ​បណ្ដាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ផងដែរ៕
ដោយ៖ឃិន គន្ធា

ads banner