អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បើកយុទ្ធនាការផ្សព្វផ្សាយចូលរួមទប់បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទលើកុមារ
(ភ្នំពេញថ្មី)៖ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីឆ្លើយតបនឹងក្ដីបារម្ភក្នុងសហគមន៍ និងដើម្បីចូលរួមបង្ការទប់ស្កាត់អំពើជួញដូរផ្លូវភេទលើកុមារ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយមួយ ដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យយល់ដឹង និងចូលរួមសហការប្រយុទ្ធប្រឆាំងទាំងអស់គ្នា ។

យុទ្ធនាការនេះ ធ្វើឡើងដោយមានការផ្សព្វផ្សាយអំពីច្បាប់ និងទោសទណ្ឌចំពោះអ្នកប្រព្រឹត្តអំពើរជួញដូរមនុស្ស និងការគេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដឹកនាំដោយលោក ល័ក្ខណ្ឌ ដូរ ចៅសង្កាត់រងទី១ និងមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ សហការី កងកម្លាំងក្នុងមូលដ្ឋាននៃសង្កាត់ភ្នំពេញថ្មី នៃខណ្ឌសែនសុខ និងអង្គការពាក់ព័ន្ធជាច្រើននាក់ផងដែរ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

មធ្យោបាយនៃការផ្សព្វផ្សាយនោះ រួមមានការប្រើឧគ្ឃោសនសព្ទតាមម៉ូតូកង់បី ការរៀបចំក្បួនស្គរឆៃយ៉ាំ ការបិត និងចែកខិត្តប័ណ្ណនៅតាមទីសាធារណៈ និងការចុះអប់រំណែនាំអំពីច្បាប់នៃបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅតាមភោជនីយដ្ឋាន បៀរហ្គាឌិន និងនៅតាមកន្លែងកម្សាន្តសប្បាយសម្រាប់មនុស្សពេញវ័យជាដើម ។

ក្នុងសារសំលេងផ្សព្វផ្សាយ ក៏បានចាក់ផ្សាយពីប្រសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានថ្លែងថា ច្បាប់នឹងមិនអត់ឱនឲ្យជនណាម្នាក់ ឬអាជីវកម្មណាមួយ ដែលហ៊ានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងអនាគតរបស់កុមារនោះឡើយ តាមរយៈការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។
អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ជឿជាក់ថា តាមរយៈសារទាំងអស់នេះ នឹងអាចបំភ័យ និងបន្ទច់បង្អាក់ជនល្មើស និងអ្នកដែលមានបំណងប្រព្រឹត្តបទល្មើសឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនផងដែរ ។ ស្ថានភាពនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ ជាពិសេសនៅតាមទីតាំងកម្សាន្តសប្បាយមួយចំនួន គឺពិតជាបញ្ហាដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និងបានចាត់ទុកជាបញ្ហាអាទិភាព។ ដូច្នេះអាជ្ញាធរ សង្កាត់ ដែលនៅកៀកជិតនឹងសហគមន៍បំផុត ត្រូវតែធ្វើយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកប្រកបអាជីវកម្មផ្នែកកម្សាន្តសប្បាយសម្រាប់មនុស្សពេញវ័យ ឲ្យចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នា។ អាជ្ញាធរសង្កាត់ភ្នំពេញថ្មីបានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជាប្រចាំ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ Troryorng News ត្រយងញូវស៍



