លោក Putin ថា អាល្លឺម៉ង់នឹងលូកដៃក្នុងសង្គ្រាមដោយផ្ទាល់ បើហ៊ានបញ្ជូនមីស៊ីល Taurus ឱ្យអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានធ្ងន់ៗថា រុស្ស៊ីនឹងចាត់ទុកអាល្លឺម៉ង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមដោយផ្ទាល់ បើសិនអាល្លឺម៉ង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន។
លោកប្រធានាធិបតី ពូទីន បានប្រាប់អ្នកកាសែតអន្តរជាតិនៅទីក្រុង Saint Petersburg ថា បើសិនអាល្លឺម៉ង់ហ៊ានបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនមែន នោះរុស្ស៊ីនឹងចាត់ទុកថា រឿងនេះបានបំផ្លាញទំនាក់ទំនងទ្វេភាគីទាំងស្រុង ហើយវាក៏មិនអាចរារាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានដែរ។
ស្របពេលជាមួយគ្នានេះ លោក ពូទីន ក៏បានអះអាងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែរឿងនេះនឹងកើតឡើងនៅ “ដំណាក់កាលចុងក្រោយ” នៃការចរចា ស្តីពីការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំប៉ុណ្ណោះ។
ការព្រមានរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីខែឧសភា បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន ប៉ុន្តែលោកបញ្ជាក់ថា ទ័ពអ៊ុយក្រែនត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។
គួរកត់សម្គាល់ Taurus ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយផលិតរួមគ្នាដោយអាល្លឺម៉ង់ និងស៊ុយអែត។ មីស៊ីលនេះមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ និងអាចវាយកម្ទេចគោលដៅនៅចម្ងាយ ៥០០គីឡូម៉ែត្រ។
ក្បាលគ្រាប់ដ៏មានថាមពល អាចឱ្យមីស៊ីល Taurus បាញ់ទម្លុះ និងបង្កការខូចខាតធ្ងន់ធ្ងរដល់គោលដៅ ដែលស្ថិតនៅលើដី ផ្ទៃទឹក និងក្រោមដី ក្នុងនោះរួមមានលេណដ្ឋានក្រោមដី ទីបញ្ជាការទំនាក់ទំនង ឃ្លាំងស្ដុកអាវុធ និងនាវាចម្បាំង។ មីស៊ីលនេះក៏អាចហោះក្នុងរយៈចម្ងាយឆ្ងាយដោយមិនចាំបាច់មានការគាំទ្រពី GPS ទៀតផង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
