រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។

ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។

ដើម្បីជំរុញវិស័យនេះ ឯកឧត្តម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។

សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្ដេចបវរធិបតី បានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេច និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍។

សម្ដេចបវរធិបតី ក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជេីងហោះហេីរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner