ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួមពិធីផ្សព្វផ្សាយ របាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ មាគ៌ាដែលត្រូវជ្រើសរើស ៖ ប្រជាជននិងលទ្ធភាពដែលអាចកើតឡើងក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ មាគ៌ាដែលត្រូវជ្រើសរើស៖ប្រជាជននិងលទ្ធភាពដែលអាចកើតឡើងក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) – UNDP 2025 Human Development Report in Cambodia “A matter of choice: People and possibilities in the age of AI” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ តំណាងអង្គទូត ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ប្រមាណ ១៥០រូប។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបានកំណត់អាទិភាពដើម្បីអភិវឌ្ឍធនធានមនុស្សលើផ្នែកបញ្ញាសិប្បនិម្មិត (AI) តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអប់រំជំនាញបញ្ញាសិប្បនិម្មិត (AI) ធានាបាននូវតម្លាភាព គណនេយ្យភាព និងកិច្ចការពារទិន្នន័យ ការបង្កើតបទប្បញ្ញត្តិដែលអាចបត់បែនបានដោយផ្អែកលើហានិភ័យ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសុវត្ថិភាពអ៊ីនធឺណិតនិងភាពធន់ ព្រមទាំងជំរុញភាពជាដៃគូក្នុងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍។

សូមជម្រាបជូនថា របាយការណ៍នេះបានផ្តោតលើទិដ្ឋភាពចំនួន ៣សំខាន់ៗ ជាអាទិ៍ ជំរុញកិច្ចសហប្រតិបត្តិការរវាងមនុស្សនិងបញ្ញាសិប្បនិម្មិតប្រសើរជាងការការប្រកួតប្រជែង ការបញ្ចូលភ្នាក់ងារមនុស្សក្នុងដំណើរវិវត្តនៃបញ្ញាសិប្បនិម្មិតពីការអភិវឌ្ឍរហូតដល់ការអនុវត្ត និងការធ្វើទំនើបកម្មក្នុងវិស័យអប់រំ និងប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសតវត្សទី២១ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner