អភិបាលខេត្តកោះកុង ៖ ក្រោយតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅផ្លូវជាតិលេខ ៤៨ កំណើនផ្ញៀវទេសចរកើនឡើង និងរំពឹងថាមានកសាងសណ្ឋានគារ ផ្ទះសំណាក់បន្ថែមទៀត
(កោះកុង)៖ ក្រោយការតភ្ជាប់ផ្លូវជាតិលេខ ១០ ទៅផ្លូវជាតិលេខ ៤៨ កំណើនភ្ញៀវទេសចរបានហក់ឡើងគួរឱ្យកត់សម្គាល់ ហើយត្រូវបានអភិបាលខេត្តកោះកុងរំពឹងថានឹងមានការកសាងផ្ទះសំណាក់ និងសណ្ឋានគារបន្ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរ ដោយសារកន្លងមក ខេត្តនេះជួបបញ្ហាខ្វះកន្លែងស្នាក់នៅសម្រាប់ភ្ញៀវរួចមកហើយ ។
ថ្លែងក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាលគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថាខេត្តកោះកុងនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពលមានផ្លូវល្អស្អាតតភ្ជាប់ទៅកាន់បណ្តាខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា។ ផ្លូវស្អាតល្អ ងាយស្រួលធ្វើដំណើរបានធ្វើឱ្យអ្នកទេសចរតែងចូលកម្សាន្ត។
លោកជំទាវ អភិបាលខេត្តកោះកុងបានគូសបានបញ្ជាក់ប្រាប់ថា “បន្ទាប់ពីការតភ្ជាប់ផ្លូវជាតិលេខ ១០ទៅផ្លូវជាតិលេខ ៤៨ ពិសេស នៅរដូវភ្លៀងនេះអាចមានកំណើរកើនឡើងច្រើន ក្នុងនោះព្រះរាជពិធីបុណ្យចំរើព្រះជនព្រះមហាក្សត្រ ព្រះបាទបរមនាថនរោត្តមសីហុនី របស់យើងកន្លងមកគឺភ្ញៀវទេសចរណ៍ កើនឡើងច្រើន រហូតដល់ផ្ទះសំណាក់នៅខេត្តកោះកុងមិនអាចផ្តល់គ្រប់ ហើយអ្នកទេសចរណ៍ទៅសម្រាកនៅវត្តក៏មានថែមទៀត”។
គួរបញ្ជាក់ថា ភ្ញៀវទេសចរណ៍ស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង នាឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល មានចំនួន ៧៥,១៨៦ នាក់ ។ គិតចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិចំនួន ៧៤,៦៥៧ នាក់ និងភ្ញៀវបរទេសចំនួន ៥២៩ នាក់ ដោយសរុបទៅចំនួន ៧៥,១៨៦ នាក់។
ដោយឡែកបើតាម លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរ និងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ធ្លាប់បានឲ្យដឹងថា មូលហេតុ នៃការកើនឡើងភ្ញៀវទេសចរ ដោយសារតែផ្លូវជាតិលេខ១០ និងលេខ៤៨ បានសម្រេចការសាងសង់ស្ទើរតែ ១០០ភាគរយ ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ។
សូមរំលឹកថា ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មាន ផ្ទៃដីសរុបជាង ១០ពាន់គីឡូម៉ែត្រក្រឡា ដែលចែកជាក្រុង ១មាន៣សង្កាត់ ៦ស្រុកមាន ២៦ឃុំ និងមានភូមិសរុបចំនួន ១១៩ភូមិ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន




