ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រុមហ៊ុន យូណាយធីត ហ្វាម៉ា បានផ្តល់ថ្នាំពេទ្យ សម្ភារៈថែទាំសុខភាពយ៉ាងច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ ក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) United Pharma (Cambodia) ដែលបានផ្តល់ថ្នាំពេទ្យ និងសម្ភារៈថែទាំសុខភាព យ៉ាងច្រើនមកដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនដល់ កងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ដែលការចែកជូននេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។
ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួប និងទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ,នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
អំណោយថ្នាំពេទ្យរបស់ក្រុមហ៊ុន United Pharma (Cambodia) ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមានទាំង
- Decolgen Forte 3,000 ប្រអប់ ឬ 300,000 គ្រាប់ សម្រាប់ព្យាបាល អាការ: ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ក្តៅខ្លួន ។ ប្រើម្តង 1 គ្រាប់ 1 ថ្ងៃ 3ដង។
- Alaxan FR 1,000 ប្រអប់ ឬ 100,000 គ្រាប់, សម្រាប់បំបាត់ការឈឺចាប់គ្រប់ប្រភេទ ដូចជា ឈឺខ្លួនប្រាណ ឈឺក្បាល ឈឺធ្មេញ ឈឺចង្កេះ និង ចុករោយដៃ ជើង។
ប្រើម្តង 1គ្រាប់ 1 ថ្ងៃ 3ដង, - សំឡីអនាម័យ pH Care 2,000 ដុំ
- ក្រដាសសើមអនាម័យស្ត្រី pH Care 1,000 កញ្ចប់, សរុបជាថវិកាចំនួន ២៣ ០០០ដុល្លារ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
លោក Michael Reyes បានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន United Pharma (Cambodia) ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំព្យាបាលជំងឺទៅឲ្យកងទព័នៅតំបន់ជួរមុខ ដែលជាការគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព ។ សកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មានគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងមិចធ្វើឲ្យសុខមាលភាពរបស់ប្រជាជនកម្ពុជាបានកាន់តែល្អប្រសើរឡើង ផ្តើមចេញពីមនុស្សម្នាក់ៗ និងជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយបងៗកងទ័ពនៅជួរមុខ ។
ឯកឧត្តមមានប្រសាសន៍ថា«ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត» ៕
ដោយ ៖ ម៉ាដេប៉ូ






