ក្រុមការងារក្រសួងបរិស្ថានចុះអនុវត្តច្បាប់ករណីមានការបំពុលទឹកអូរធំ របស់កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងខេត្តកំពត
(កំពត)៖ ក្រុមការងារសុក្រិតកម្មបរិស្ថានកិច្ច ភាពស្អាត ដោយមានការចូលរួម សហការពីមន្ទីរបរិស្ថាន មន្ទីឧស្សាហកម្ម វិទ្យាសាស្រ្តនិងនវានុវត្តន៍ខេត្តកំពត និងលោកមេឃុំកូនសត្វ បានរកឃើញនិងអនុវត្តច្បាប់លើករណីមានការបំពុលទឹកអូរធំ បណ្តាលឱ្យមានត្រីងាប់ ដែលបង្កពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិននៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយចុះពិនិត្យដល់ទីតាំងជាលទ្ធផលនៃការត្រួតពិនិត្យឃើញាថា៖ ការពិនិត្យខាងក្រៅទីតាំងកសិដ្ឋាន៖ ត្រង់ព្រំប្រទល់កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញមានទឹកមានសភាពពណ៌ខៀវក្រម៉ៅ មានក្លិនស្អុយតិចៗ ចំណុចទំនប់បង្ហៀរក្នុងដីឯកជន ឃើញមានត្រីងាប់ ទឹកមានពណ៌ក្រម៉ៅ មានក្លិនស្អុយ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានផ្តល់ព័តមានថាកន្លងមកទឹកដៃអូធំនេះបានប៉ះពាល់ពីការបង្ហូសំណល់រាវពីកសិដ្ឋានចិញ្ចឹមជ្រូកកក្បែនេះធ្វើឲ្យទឹកឡើងពណ៌ខ្មៅ និងមានខ្លិនស្អុយស្អុយ ខ្លាំងនៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ផងដែរ។
ជាមួយគ្នានេះការពិនិត្យក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកតំណាងម្ចាស់កសិដ្ឋាននេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥បានឱ្យដឹងថាមិនមានដាក់ជ្រូកចិញ្ចឹមទេ ដោយបានផ្អាកចិញ្ចឹមរយៈពេលពីរខែមកហើយ។
ក្រុមការងារពិនិត្យឃើញថាកសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយកសិដ្ឋានបានបូមសំណល់រាវយកទៅដាក់តាមរងចំការដូងក្នុងកសិដ្ឋានដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះហូរចូលទៅក្នុងដៃអូរធំ ដែលបង្កការមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ។
ក្រុមការងារដាក់ចេញនូវវិធានការចំពោះមុខ ដល់កសិដ្ឋានដូចខាងក្រោម៖
១-កសិដ្ឋានត្រូវបញ្ឈប់ជាជាបន្ទាន់ការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈ
២-ត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឲ្យមានការបំពុលបរិស្ថាន
៣-កសិដ្ឋានត្រូវផ្តល់សំណងផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តាសម្អាតឡើងឡើវិញ
៤-កសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៥-កសិដ្ឋានត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យនិងវាយតម្លៃ
៦-កសិដ្ឋានត្រូវជូនដំណឹងដល់មន្ទីរករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹមជ្រូក។
ក្រុមកាេងារនិបន្តនីតិវិធីច្បាប់ចំពោះករណីនេះស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា






