ទិវាយូហ្គា អន្តរជាតិលើកទី១១ ប្រារព្ធឡើងនៅខេត្តសៀមរាប ដើម្បីជំរុញសុខភាព និងទេសចរណ៍

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

(សៀមរាប)៖ ទិវាយូហ្គាអន្តរជាតិ លើកទី១១ បានប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានជល់ដំរី ដែលទិវានេះជាចលករមួយដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អង្គរ ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានថ្លែងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាចំណែកជួយផ្សព្វផ្សាយអំពីតំបន់អង្គរទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។ នាពេលខាងមុខ ខេត្តសៀមរាប នឹងបន្តប្រារព្ធទិវានេះជាប្រចាំ​ឆ្នាំ ដោយផ្អែកលើស្ថានភាពជាគោលដៅទេសចរណ៍ពិភពលោករបស់កម្ពុជា ។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់វិស័យទេសចរណ៍ ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ការប្រារព្ធទិវាយូហ្គាអន្តរជាតិ គឺជាវេទិកាសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីអត្ថប្រយោជន៍សុខភាព និងជម្រុញការធ្វើដំណើរទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ក្នុងបរិបទនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ២០២៥” ។

ឯកឧត្តម Vanlalvawna Bawitung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអះអាងថា ទិវាយូហ្គាអន្តរជាតិដែលចាប់ផ្ដើមនៅឆ្នាំ ២០១៥ បណ្ដាលឲ្យមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងពិភពលោក។

សម្រាប់ឆ្នាំ ២០២៥ មូលបទគឺ “យូហ្គាសម្រាប់ផែនដីតែមួយ សុខភាពតែមួយ” ដែលសង្ខេបពីទំនាក់ទំនងរវាងសុខភាពមនុស្ស និងបរិស្ថាន ។

យូហ្គា គឺជារបៀបរស់នៅ ដែលជួយឲ្យបង្កើនសុភមង្គលផ្លូវចិត្ត រូបកាយ និងជីវិតប្រចាំថ្ងៃក្នុងការទទួលខុសត្រូវបន្ថែមឡើងចំពោះខ្លួនឯង និងសង្គមជុំវិញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner