សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំតែងស្រក់ទឹកភ្នែក ពេលនឹកដល់រឿងយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ និង ប្រជាជន ចេញពីរបបប្រល័យពូជសាសន៍
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំ នឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំ តែងស្រក់ចុះមកជាប់មិនដាច់ ។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន ។
សម្ដេចតេជោ បានបន្តថា យើងមានតែជីវិតប៉ុណ្ណោះ ធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចថា ប្រសិនខ្ញុំ ស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ។
សម្ដេចតេជោ បាបន្ថែមថា យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ ។
សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា កាលពី ៤៨ឆ្នាំមុន ជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ដែលសមមិត្ត ហ៊ុន សែន មេបញ្ជាការកងវរសេនាធំ ក្នុងវ័យ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុនចេញតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅបំផុតនៅកម្ពុជា។ ថ្ងៃទី២០ ខែមិថុនា បានក្លាយទៅជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច ហើយត្រូវបានប្រារព្ធពិធីរំលឹកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក នៅលើទឹកដីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ៕
ដោយ ៖ វណ្ណលុក






